Shopee Cup៖ គ្រូព្រះខ័នរាជស្វាយរៀង បង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីយកឈ្នះម្ចាស់ផ្ទះ Young Elephants ស្អែក
(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានធ្វើដំណើរដល់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវហើយ ដើម្បីត្រៀមជួបតាំងជាមួយក្រុមម្ចាស់ផ្ទះ Young Elephants ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះជើងឯកក្លិបបាល់ទាត់អាស៊ាន ASEAN Club Champion-Shopee Cup រដូវកាលឆ្នាំ២០២៤/២៤ នាថ្ងៃទី១៧ ខែកក្កដាខាងមុខ ក្រោយចាកចេញពីមាតុភូមិ កាលពីល្ងាចថ្ងៃច័ន្ទកន្លងទៅ ។
ជាមួយបេសកកម្មនេះដែរ លោក Pep Muñoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីស្វែងរកជ័យជម្នះក្រៅដី ទោះបីក្រុមទើបផ្លាស់ប្ដូរកីឡាករជាច្រើនក៏ដោយ ។ លោកថា ការនាំចូលកីឡាករថ្មីៗ ទាំងក្នុង និងបរទេស មិនមែនជាបញ្ហាចោទនោះទេ ព្រោះពួកគេយល់ច្បាស់ពីប្រព័ន្ធលេងរបស់ខ្លួន ។ ការណ៍នេះ បានធ្វើឲ្យលោកមានជំនឿចិត្តយ៉ាងមុតមាំមុនការប្រកួតមកដល់ ។
គ្រូបង្វឹកខាងលើ បានបញ្ជាក់មុនហោះចេញពីកម្ពុជាថា «ទោះបីមានការផ្លាស់ប្ដូរកីឡាករមួយចំនួន ដូចជាកីឡាករបរទេស ប៉ុន្ដែពួកគាត់ សុទ្ធតែសមស្របជាមួយរបៀបលេងរបស់ក្រុម អ៊ីចឹងអត់ត្រូវការពេលច្រើន សម្រាប់ពួកគាត់សម្របខ្លួនទេ ។ សម្រាប់ការប្រកួតជាមួយ Young Elephants យើងក៏បានត្រៀមខ្លួន ២-៣សប្ដាហ៍ ហើយពួកគេក៏ដូចគ្នា ដែលបាននាំយកកីឡាករក្នុងស្រុក និងបរទេសមួយចំនួន ។ ជារួមយើងបានត្រៀមខ្លួនរួចរាល់ ដើម្បីដណ្ដើមយកលទ្ធផលល្អក្នុងការប្រកួតជើងទី១» ។
គួរដឹងថា ក្រោយជំនួបជើងទី១ នៅទឹកដីឡាវ ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ស្វាគមន៍ក្រុម Young Elephants វិញម្ដង នាថ្ងៃទី២៤ ខែកក្កដាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គចែកពូល ។ ចំពោះក្រុមឈ្នះ នឹងត្រូវឡើងបង្គ្រប់ពូលA ជាមួយក្រុមឈ្នះ ក្នុងវគ្គជម្រុះ ១ក្រុមទៀត រវាងក្រុមប្រ៊ុយណេ Kasuka និងក្រុមមីយ៉ាន់ម៉ា Shan United ។
សម្រាប់វគ្គចែកពូល នៃពានរង្វាន់ក្លិបជើងឯកអាស៊ានខាងលើ បច្ចុប្បន្នពូលA មានបេក្ខភាព ៤ក្រុមកំពុងឈរចាំ គឺក្រុម BG Pathum United (ថៃ), ក្រុម Teragganu FC (ម៉ាឡេស៊ី), ក្រុម PSM Makassar (ឥណ្ឌូនេស៊ី) និងក្រុម Dong A Thanh Hoa(វៀតណាម) ។ រីឯពូលB គឺមានក្រុម Buriruam United (ថៃ), ក្រុម Kuala Lumpur City (ម៉ាឡេស៊ី), ក្រុម Cong An Ha Noi (វៀតណាម), ក្រុម Borneo (ឥណ្ឌូនេស៊ី), ក្រុម Kaya –Iloilo (ហ្វីលីពីន) និងក្រុម Lion City Sailors (សិង្ហបុរី) ៕