ភ្នំពេញក្រោន ប៉ះ Buriram ខណៈវិសាខា ជួប Samut Prakan ក្នុងជំនួប Pre-Season នៅថៃល្ងាចនេះ

(ភ្នំពេញ)៖ ក្លិបសមាជិកលីគកំពូលកម្ពុជា ២ក្រុម នឹងបន្ដការប្រកួតមិត្តភាព Pre-Season ដើម្បីត្រៀមរដូវកាលថ្មីរៀងៗខ្លួន នៅប្រទេសថៃ នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ រួមមានក្រុមជើងឯករងភ្នំពេញក្រោន នឹងត្រូវជួបក្រុមជើងឯកលីគកំពូលថៃ Buriram United គ្រាដែលក្រុមវិសាខា នឹងត្រូវជួបក្រុមសមាជិកលីគទី២ ថៃ Samut Prakan City FC ។
ក្រុមជើងឯក ១០សម័យនៃលីគកំពូលថៃ Buriram United នឹងត្រូវបើកទ្វារកីឡដ្ឋាន Thunder Castle ស្វាគមន៍ក្រុមជើងឯក ៨សម័យនៃលីគកំពូលកម្ពុជា ភ្នំពេញក្រោន នាវេលាម៉ោង ៦ល្ងាច ក្នុងនាមគូប្រកួតមិត្តភាពអន្ដរជាតិផ្លូវការ ។ នេះមិនមែនជាលើកដំបូង ដែលក្រុមទាំងពីរ ណាត់គ្នាកម្ដៅសាច់ដុំនោះទេ ដ្បិតគេចាំបានថា កាលពីឆ្នាំ២០១៩ ភ្នំពេញក្រោន ក៏ធ្លាប់បានយកឈ្នះក្រុមជើងខ្លាំងថៃនេះ ៤-១ ក្នុងជំនួបមិត្តភាពនេះផងដែរ ។
គួរដឹងថា កំឡុងពេលបោះជំរំហ្វឹកហាត់នៅថៃ ត្រៀមរដូវកាលថ្មីរបស់ក្រុមសិង្ហក្រហម ភ្នំពេញក្រោន គឺមានការប្រកួតមិត្តភាព ៣ប្រកួត ខណៈប្រកួតដំបូង បានចាញ់ក្រុមលីគទី២ ថៃ Suphanburi FC ២-១ កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅ មុនបន្ដជួបក្រុម Buriram United ល្ងាចនេះ ។ រីឯប្រកួតទី៣ នឹងត្រូវជួបក្រុមលីគកំពូលថៃ Uthai Thani FC បន្ដទៀត នាថ្ងៃទី១៨ ខែកក្កដាចុងសប្ដាហ៍នេះ មុនត្រឡប់មកកម្ពុជាវិញ ។
ក្រឡេកទៅចាប់អារម្មណ៍ក្រុមវិសាខា វិញ ក៏មិនចាញ់ភ្នំពេញក្រោន ដែរ ដោយម៉ោង ៤ល្ងាចនេះ ពួកគេនឹងត្រូវជួបក្រុមលីគទី២ ថៃ Samut Prakan City FC នៅទីលាន Dynamic Football CAMP បន្ទាប់ពីប្រកួតដំបូង ក្រុមលេខ៣ នៃលីគកំពូលកម្ពុជានេះ បានយកឈ្នះក្រុម Pattaya United (លីគទី២ ថៃ) ដោយលទ្ធផល ២-១ កាលពីថ្មីៗ ។ អ្វីដែលពិសេស ក្រោយជំនួបមិត្តភាពថ្ងៃនេះ វិសាខា បានណាត់ក្រុមខ្លាំង BG Pathum United នៃលីគកំពូលថៃ ដើម្បីប្រកួតកម្ដៅសាច់ដុំផងដែរ នាថ្ងៃស្អែក មុនបន្ដជួបក្រុម BFB Pattaya City FC និងក្រុម Chanthaburi FC នាថ្ងៃទី២០ ខែកក្កដាខាងមុខ ។
គួរដឹងថា ភ្នំពេញក្រោន និងវិសាខា គឺជាក្រុមដែលបានបោះជំរំហ្វឹកហាត់ និងប្រកួត Pre-Season ក្រៅស្រុកមុនគេ ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០២៤/២៥ ខាងមុខ ដោយមិនរាប់បញ្ចូលក្រុមព្រះខ័នរាជស្វាយរៀង ដែលកំពុងបំពេញបេសកកម្ម នៃការប្រកួតជើងឯកពានរង្វាន់ ASEAN Club Champion-Shopee Cup វគ្គជម្រុះជើងទី១ ជាមួយក្រុមម្ចាស់ផ្ទះ Young Elephants នាថ្ងៃទី១៧ ខែកក្កដាស្អែកនេះ ៕

អត្ថបទដែលជាប់ទាក់ទង