គ្រូបង្វឹកអង់គ្លេស លោក Southgate លាលែងពីតំណែង ក្រោយបរាជ័យវគ្គផ្តាច់ព្រ័ត្រនៅ Euro 2024
(ឡុងដ៍)៖ លោក Gareth Southgate អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានលាលែងពីតំណែងហើយ ក្រោយដឹកនាំក្រុមចាញ់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯកអឹរ៉ុប UEFA European Championship 2024 កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន។
បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាល្ងាចថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះបានបញ្ជាក់ថា បុរសវ័យ ៥៣ឆ្នាំខាងលើនេះ បានដឹកនាំតោអង់គ្លេសបរាជ័យវគ្គផ្តាច់ព្រ័ត្រ Euro ២សម័យកាលជាប់ៗគ្នា ជាហេតុធ្វើឱ្យក្រុមតោកំណាចមួយនេះ ខកខានឱកាសលើកពានលើកដំបូង ក្រោយរង់ចាំអស់ ៥៨ឆ្នាំបន្តទៀត។
លោក Southgate បានចំណាយពេលដឹកនាំអង់គ្លេស ១០២ប្រកួត ក្នុងរយៈពេល ៨ឆ្នាំរបស់លោក ដ្បិតកិច្ចសន្យាចាស់នឹងផុតកំណត់នៅចុងឆ្នាំ២០២៤ នេះផងដែរ។
ក្រោយពីការលាលែងដោយមិនបានឈ្នះពានអ្វីសោះ លោក Southgate បញ្ជាក់ថា «ខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់ ដោយបានលេង និងបង្វឹកក្រុមអង់គ្លេស ទាំងការលះបង់ និងទទួលបាននាពេលនេះ។ វាដល់ពេលដែលត្រូវផ្លាស់ប្តូរហើយ និងស្វែងរកការរីកចម្រើនថ្មីផងដែរ»។
យ៉ាងណាក៏ដោយ សហព័ន្ធបាល់ទាត់អង់គ្លេស FA ពុំទាន់ប្រកាសពីគ្រូបង្វឹកថ្មីនៅឡើយទេ ដ្បិតប្រកួតបន្ទាប់អង់គ្លេសត្រូវប៉ះសាធារណរដ្ឋអៀរឡង់ ក្នុងពានរង្វាន់ UEFA Nations League នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤៕