កម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង ពីការប្រកួតបញ្ចស៊ីឡាត់អន្ដរជាតិ នៅឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ ក្រុមកីឡាបញ្ចស៊ីឡាត់ជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយសរុប ៣គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ២ ) ពីការប្រកួតកីឡាបញ្ចស៊ីឡាត់អន្តរជាតិឥណ្ឌូណេស៊ីបើកទូលាយ លើកទី២ (2nd International Indonesia Pencak Silat Open Championship) ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ី ក្រោយដំណើរការប្រកួតរយៈពេល ៥ថ្ងៃ ដែលទើបបញ្ចប់កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដាម្សិលមិញ ។
លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានឲ្យដឹងថា សមិទ្ធផលខាងលើ គឺជាជោគជ័យថ្មីមួយ សម្រាប់វិញ្ញាសាប្រយុទ្ធ ក្នុងនាមសហព័ន្ធក្មេងខ្ចី ដែលអាចប្រកួតប្រជែងយ៉ាងស្វាហាប់ជាមួយបណ្ដាប្រទេស និងក្រុមខ្លាំងៗជាច្រើន ក្នុងតំបន់ និងមកពីអឺរ៉ុប រហូតដណ្ដើមបានមេដាយជូនជាតិ ដែលស្ដែងចេញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់កីឡាករ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសហព័ន្ធ ។
លោកបន្ដថា «សម្រាប់លទ្ធផល នៃការប្រកួតនេះ យើងវាយតម្លៃខ្ពស់ ទៅលើកម្រិតបច្ចេកទេសកីឡាករ-កីឡាការិនីរបស់យើង និងបច្ចេកទេសដឹកនាំការប្រកួតរបស់គ្រូបង្វឹក ។ បើធៀបទៅនឹងលទ្ធផលស៊ីហ្គេម គឺកីឡាករ-កីឡាការិនីយើង វិញ្ញាសាប្រយុទ្ធទាំងអស់ហ្នឹង អត់អាចឆ្លងកាត់វគ្គជម្រុះបានទេ ប៉ុន្ដែជាក់ស្ដែងមកដល់ពេលនេះ យើងឆ្លងកាត់វគ្គជម្រុះបានហើយ ហើយយើងបានទទួលនូវមេដាយជូនជាតិថែមទៀត» ។
លោក អ៊ួ តារា បន្ថែមថា «ដោយឡែកទាក់ទងនឹងចំណាត់ថ្នាក់របស់ប្រទេសវិញ គឺនៅក្នុងចំណោម ៣៥ក្រុម កម្ពុជាយើងជាប់ចំណាត់ថ្នាក់លេខរៀងទី១៥ ។ មានន័យថា កម្រិតបច្ចេកទេសរបស់យើង បើធៀបនឹងស៊ីហ្គេម គឺយើងកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ និងលើសការរំពឹងទុក ។ ដូច្នេះយើងអាចមានសម្លឹងឃើញភាពវិជ្ជមានសម្រាប់ការប្រកួត Asian Indoor and Martial Arts Games 2024 នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ក៏ដូចជាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃផងដែរ» ។
គួរដឹងថា ការប្រកួត 2nd International Indonesia Pencak Silat Open Championship 2024 នៅឥណ្ឌូនេស៊ី កាលពីថ្មីៗ គឺមានអត្តពលិកប្រមាណ ៤០០នាក់ មកពី ៧ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះឥណ្ឌូនេស៊ី កម្ពុជា សហរដ្ឋអាមេរិក ថៃ សិង្ហបុរី ម៉ាឡេស៊ី និងប្រ៊ុយណេ ។ ជាលទ្ធផលកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ១គ្រឿង ដោយកីឡាករ ឈីម រ៉ាឆាត លើវិញ្ញាសាទម្ងន់ចន្លោះ ៥០ ទៅ ៥៥គីឡូក្រាម គ្រាដែលមេដាយសំរឹទ្ធ ២គ្រឿង ដណ្ដើមបានដោយកីឡាករ នន់ ស្រមោចក្រហម និង កីឡាករ ពន្លឺ ពេជ្រមរកត ៕

អត្ថបទដែលជាប់ទាក់ទង