អាហ្សង់ទីន ឈរលេខ១ គ្រាដែលអេស្ប៉ាញ ឡើងឈរលេខ៣ ក្រោយឈ្នះ Euro 2024 ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បន្តក្តោបក្តាប់តំណែងកំពូលតារាងចំណាត់ថ្នាក់ពិភពលោកដដែល FIFA World Cup Ranking ស្របពេលអេស្ប៉ាញ ហក់ឡើងទៅឈរនៅលេខ៣ វិញ ក្រោយឈ្នះជើងឯកអឺរ៉ុប Euro 2024 កាលពីថ្ងៃអាទិត្យ។
សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានធ្វើការប្រកាសពីការធ្វើបច្ចុប្បន្នភាពនៃតារាងចំណាត់ថ្នាក់ពិភពលោក បាល់ទាត់ផ្នែកបុរស ដោយមានបម្រែបម្រួលតិចតួចផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Yahoo នៅថ្ងៃនេះ។
ជាការកត់សម្គាល់ឃើញថា អាហ្សង់ទីន ម្ចាស់ជើងឯកពាន Copa America 2024 បន្តឈរនៅទីកំពូលតារាងដដែល គ្រាដែលមាន់គកបារាំង ដែលបានខកចិត្តនៃពានអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់ថ្មីៗនេះ បានត្រឹមឈរនៅលេខ២ ក្នុងនាមជាក្រុមរងជើងឯក World Cup 2022 នៅប្រទេសកាតា ដ្បិតគោជល់អេស្ប៉ាញ ដែលឈរនៅលេខ៥ បានហក់ឡើងមកលេខ៣ វិញ បន្ទាប់ពីឈ្នះជើងឯក Euro លើកទី១៧ កាលសប្តាហ៍មុន។
យ៉ាងណាមិញ បិសាចក្រហមអឺរ៉ុប ប៊ែលហ្សិកបានធ្លាក់មកលេខ៦ គ្រាដែលកូឡុំប៊ី ក្រុមជើងឯករង Copa America 2024 បានស្ថិតក្នុងចំណោម Top-10 ទូទាំង ២១០ប្រទេសជាសមាជិករបស់ FIFA ដែលកម្ពុជាឈរនៅលេខរៀងទី១៨០៕