ASEAN U19៖ កម្ពុជា បន្តខកចិត្តក្នុងប្រកួតទី២ ដ្បិតសល់ ១ប្រកួតបង្គ្រប់កិច្ច

(ឥណ្ឌូនេស៊ី)៖ ក្រុមជម្រើសជាតិយុវជនកម្ពុជា U19 បានបន្តការខកចិត្តនៅប្រកួតទី២ ក្នុងពូល A នៃវគ្គសន្សំពិន្ទុជាមួយក្រុមឥណ្ឌូនេស៊ី ដោយចាញ់ក្នុងលទ្ធផល ២-០ ក្នុងពានរង្វាន់ ASEAN U19 Boys’ Championship 2024 ក្រោយបញ្ចប់ការប្រកួតដែលធ្វើឡើងនាយប់ថ្ងៃទី២០ ខែកក្កដានេះ (ម៉ោងនៅកម្ពុជា) ដ្បិតនៅសល់តែ ១ប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ។
តាមរយៈលទ្ធផលនេះ ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី រកបាន ៦ពិន្ទុនាំមុខកំពូលតារាង ខណៈក្រុមហ្វីលីពីន និងទីម័រខាងកើត នៅមាន ៣ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ២ប្រកួតដូចគ្នា ហើយក្រុមកម្ពុជា នៅបន្តមិនមានពិន្ទុក្នុងតារាងវគ្គសន្សំពិន្ទុពូល A ។
ដ្បិតប្រកួតទី៣ ក្នុងពូល A ក្រុមគោព្រៃជំទង់ U19 កម្ពុជា ត្រូវប៉ះជាមួយក្រុមហ្វីលីពីន ជាការប្រកួតស្វែងរកពិន្ទុក្នុងព្រឹត្តិការណ៍នេះ តែត្រឹមជាប្រកួតបង្គ្រប់កិច្ចនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។
ដ្បិតការប្រកួតពានរង្វាន់កម្រិត U19 នេះ គឺប្រើរូបមន្ដប្រកួតសន្សំពិន្ទុវិលជុំតាមពូល ដោយក្រុមណាមានពិន្ទុខ្ពស់ជាងគេ ពោលគឺក្រុមលេខ១ នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេក្នុងចំណោមពូលទាំង ៣ នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ការណ៍នេះ នាំឲ្យក្រុមនីមួយៗ ត្រូវការជ័យជម្នះជាចាំបាច់ ដើម្បីប្រជែងកៅអីកំពូលតារាង៕

អត្ថបទដែលជាប់ទាក់ទង