អត្តពលិកវៀតណាម ដែលឈ្នះមេដាយមាស ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ២០២៤ នឹងទទួលបានរង្វាន់រហូតដល់១លានដុល្លារអាមេរិក រួមទាំងប្រាក់រង្វាន់ជាច្រើនផ្សេងទៀត
វៀតណាម ៖ អត្តពលិកវៀតណាម ដែលឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ២០២៤ នឹងទទួលបានរង្វាន់រហូតដល់១លានដុល្លារអាមេរិក រួមទាំងប្រាក់រង្វាន់ជាច្រើនផ្សេងទៀត។
នេះបើយោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress និង Bao Bac Giang ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។
ប្រភពដដែលបានឱ្យដឹងថា រដ្ឋាភិបាលវៀតណាមបានប្រកាសថា អត្តពលិករូបណាដែលឈ្នះមេដាយមាសអូឡាំពិកនឹងទទួលបានប្រាក់រង្វាន់ ៣៥០លានដុង ស្មើនឹង១៣.៨០០ដុល្លារអាមេរិក។ ចំណែកមេដាយប្រាក់បាន ៨,៦០០ដុល្លារ និងមេដាយសំរឹទ្ធបាន ៥,៥០០ដុល្លារ។ ហើយប្រសិនបើពួកគេអាចបង្កើតកំណត់ត្រាមួយ នោះអត្តពលិកម្នាក់នឹងទទួលបានប្រាក់បន្ថែម ៥,៥០០ដុល្លារ។
អ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះត្រង់ថា មូលនិធិយុទ្ធសាស្ត្រកីឡាអន្តរជាតិ ដែលហៅកាត់ថា ISF បានប្រកាសផ្តល់ប្រាក់រង្វាន់១លានដុល្លារ សម្រាប់អត្តពលិកវៀតណាម ដែលឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស។ រីឯម្ចាស់មេដាយប្រាក់បាន ៥០ម៉ឺនដុល្លារ និងសំរឹទ្ធ ២០ម៉ឺនដុល្លារ។ ប្រាក់រង្វាន់ទាំងនេះបានមកពីដៃគូយុទ្ធសាស្ត្ររបស់ ISF នៅកូរ៉េខាងត្បូង ដែលនឹងរ៉ាប់រងឧបត្ថម្ភប្រាក់រង្វាន់ទាំងអស់ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគណៈកម្មាធិការអូឡាំពិកវៀតណាម កាលពីខែកុម្ភៈ ឆ្នាំ២០២៣។
សហព័ន្ធកីឡាជាតិវៀតណាមផ្សេងទៀត ក៏បានសន្យាផ្តល់ប្រាក់រង្វាន់ដល់អត្តពលិកខ្លួនផងដែរ។ ជាក់ស្តែង សហព័ន្ធកីឡាបាញ់កាំភ្លើងសន្យាផ្តល់ប្រាក់រង្វាន់១៩,៧០០ដុល្លារ, ១១,៨០០ដុល្លារ និង ៧,៨០០ដុល្លារ សម្រាប់អ្នកឈ្នះមេដាយ។ សហព័ន្ធប្រដាល់ក៏មានកម្រិតប្រាក់រង្វាន់ដូចគ្នាផងដែរ សម្រាប់ម្ចាស់មេដាយមាស និងសំរឹទ្ធ ប៉ុន្តែម្ចាស់មេដាយប្រាក់ទទួលបាន ១៣,៨០០ដុល្លារ។ ក្រៅពីនោះ ក៏មានក្រុមហ៊ុនមួយចំនួនបានប្រកាសសន្យាផ្តល់រង្វាន់ទាំងទឹកប្រាក់ និងវត្ថុមានតម្លៃផ្សេងទៀត រួមទាំងទូរទស្សន៍ទំនើបផងដែរ។
គួរឱ្យដឹងថា ប្រទេសវៀតណាមមានអត្តពលិកសរុបចំនួន១៦រូប ដែលចូលរួមប្រកួតនៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ ដែលនឹងធ្វើពិធីបើកនៅថ្ងៃទី២៦ ខែកក្កដា ហើយដំណើរការរហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដែលជាថ្ងៃនៃពិធីបិទ៕