សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជា បន្ថែមទៀត

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច។ ក្នុងឱកាសនៃជំនួបនោះដែរ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានអបអរសាទរចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ លោកប្រធានសភាពាណិជ្ជកម្មបានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីសកម្មភាពការងារសំខាន់ៗរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលតែងបានផ្ដល់ ការគាំទ្រ និង កិច្ចសហប្រតិបត្តិការល្អប្រសើរ ដល់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កន្លងមក។ លោកប្រធានសភាពាណិជ្ជកម្មក៏បានថ្លែងកោតសរសើរចំពោះការកែទម្រង់ ក្របខ័ណ្ឌគោលនយោបាយ និងវិធានគន្លឹះជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ សំដៅធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ និងប្រកបដោយភាពទាក់ទាញ។ ក្នុងន័យនេះ លោកប្រធានសភាពាណិជ្ជកម្មបានប្ដេជ្ញាបន្តផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគ និងធុរកិច្ចរបស់កម្ពុជា ព្រមទាំងទាក់ទាញវិនិយោគិនអឺរ៉ុប មកកម្ពុជា បន្ថែមទៀត។

សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជានិងសហភាពអឺរ៉ុប ព្រមទាំងអរគុណសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលបានរួមចំណែកក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ សម្តេចធិបតីបានចែករំលែកបន្ថែមជូនគណៈប្រតិភូអំពីយន្តការ និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងការយកចិត្តទុកដាក់លើការធ្វើឌីជីថលូបនីយកម្ម នៅតាមក្រសួង-ស្ថាប័នរបស់កម្ពុជា សំដៅបង្កើនទំនាក់ទំនង និងប្រសិទ្ធភាពក្នុងការផ្តល់សេវាឱ្យកាន់តែល្អប្រសើរថែមទៀត ដល់វិស័យឯកជន។

សម្ដេចធិបតី និងតំណាងគណៈប្រតិភូបានផ្លាស់ប្ដូរយោបល់អំពីការបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងវិស័យសក្តានុពលមួយចំនួន នៅកម្ពុជា មានជាអាទិ៍៖ ការដឹកជញ្ជូន និងឡូជីស្ទីក ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថាមពល និងទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង