នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរ ដែលបានអញ្ជើញមកទស្សនាខេត្តមណ្ឌលគិរី កើនឡើង៩៧,៧១% ធៀបឆ្នាំ២០២៣

ខេត្តមណ្ឌលគិរី ៖ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរ ដែលបានអញ្ជើញមកទស្សនាខេត្តមណ្ឌលគិរី ក្នុងថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៤ សរុបចំនួន ១៥.១៦៥នាក់ កើនឡើង៩៧,៧១% (ធៀបឆ្នាំ២០២៣ ទេសចរសរុប ៧.៦៧០នាក់) ក្នុងនោះ ៖ ទេសចរជាតិ ១៤.៧៣៧នាក់ កើនឡើង ១០០,២៥% (ធៀបឆ្នាំ២០២៣ ទេសចរជាតិ សរុប៧.៣៥៩នាក់) -ទេសចរបរទេស ៤២៨នាក់ កើនឡើង៣៧,៦២% (ធៀបឆ្នាំ២០២៣ សរុប ៣១១នាក់ នេះបើតាមរបាយការណ៍របស់លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ។
មូលហេតុ ចំនួនភ្ញៀវទេសចរឆ្នាំនេះ កើនឡើងទ្វេដង ដោយសាររាជរដ្ឋាភិបាល បានប្រកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អញ្ជើញទៅទស្សនាកម្សាន្តខេត្តតំបន់ភូមិភាគឦសានឱ្យបានច្រើនកុះករ ហើយស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ល្អប្រសើរ ជាពិសេស ក្រោមការយកចិត្តទុកដាក់ពីលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានឱ្យអាជ្ញាធរ ក្រុង ស្រុក កងកម្លាំងទាំងអស់ ការពារសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានា ដើម្បីធ្វើយ៉ាងណា បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ធ្វើបុណ្យទាន និងដើរលេងកម្សាន្តសប្បាយ ក្រោមម្លប់ នៃសុខសន្តិភាព និងមានការបដិសណ្ឋារកិច្ចភ្ញៀវទេសចរគ្រប់គោលដៅនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តមណ្ឌលគិរី ថែមទាំងមានឡានពេទ្យសង្គ្រោះបឋមប្រចាំការនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ។
នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ យើងសង្កេតឃើញថា នៅតាមទីវត្តអារាមនៅទូទាំងខេត្តមណ្ឌលគិរី មានពុទ្ធបរិស័ទជិតឆ្ងាយ រួមជាមួយថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បាននាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនីមួយៗ ក៏ដូចជាមានការជួបជុំ ពុក ម៉ែ បងប្អូន សាច់ញាត្តិបាន នៅតាមគេហដ្ឋាន និងទីវត្តអារាមផងដែរ ។
ពិធីបុណ្យកាន់បិណ្ឌ គឺតែងតែប្រារព្ធធ្វើជាប្រពៃណីតាំងពីបរមបុរាណតរៀងមក មានគោលបំណង ដើម្បីទុកលទ្ធភាពឱ្យព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សា នៅក្នុងទីអារាម ទទួលការផ្គត់ផ្គង់ពីពុទ្ធបរិស័ទចំណុះជើងវត្តទំនុកបម្រុងព្រះសង្ឃ គង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា និងក៏ជាការរំឭកដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង