បញ្ជូនជនស..ង្ស័យ២នាក់ ពាក់ព័ន្ធករណីរំ..លោភលើទំនុកចិត្ត

ខេត្តបន្ទាយមានជ័យ ÷ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីឈ្មោះ មាស កក្កដា (វ៉ាង) ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់ទៅលើ ឈ្មោះ លាង ឡា (តាំងតោ) ភេទប្រុស អាយុប្រហែល២៤ឆ្នាំ រស់នៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត ស្តីពីករណី រំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចមុខកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលបានពាក្យបណ្ដឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវរហូតនៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចមុខកាស៊ី ណូហ្គោដវើល ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ សុន វុធធឿន(តឿ) ភេទប្រុស, ២-ឈ្មោះ ឡា លាង (តាំងតោ,លាង ឡា) ភេទប្រុស ព្រមទាំងដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ មួយគ្រឿង (របស់ជនរងគ្រោះ) នាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងចាត់ការតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលគឺវិជ្ជមានទាំងពីរនាក់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានខ្ចីម៉ូតូ របស់ជនរងគ្រោះ យកទៅបញ្ចាំពិតប្រាកដមែន ។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕

អត្ថបទដែលជាប់ទាក់ទង