អគ្គិភ័យឆាបឆេះអគារកាស៊ីណូមួយកន្លែង បង្កឲ្យអ្នកញៀនល្បែងជនជាតិវៀតណាមរាប់រយនាក់ រត់ចេញពីអគារប្រសេកប្រសាច និងមានអ្នកខ្លះជាប់នៅលើអគារបក់ដៃតាមបង្អួច

ខេត្តស្វាយរៀង ៖ ករណីនេះ បានកើតឡើងកាលពី រសៀលថ្ងៃទី០៤ តុលា ឆ្នំា២០២៤ ដែលគេសង្ស័យបណ្តាលមកពីទុស្សេខ្សែភ្លើងឆេះកាស៊ីណូអនឡាញ អត់ស្លាកយីហោ មួយកន្លែង ត្រង់ចំណុចខាងលិចកាស៊ីណូម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត។

ប្រភពព័ត៌មានបានបញ្ជាក់ថា មានភ្លើងអគ្គិភ័យឆាបឆេះអគារកាស៊ីណូមួយកន្លែង បង្កឲ្យអ្នកញៀនល្បែងជនជាតិវៀតណាមរាប់រយនាក់ រត់ចេញពីអគារប្រសេកប្រសាច និងមានអ្នកខ្លះជាប់នៅលើអគារបក់ដៃតាមបង្អួចឲ្យគេជួយ ។ ប្រភពបន្តថា មានអណ្តាតភ្លើងឆាបឆេះបន្ទប់អគារខាងលើ ជាន់ទី៨ បង្កឲ្យអ្នកលេងល្បែង ជនជាតិវៀតណាមផ្អើលនាំគ្នារត់ចុះមកពីលើអគារ រួចរត់ចេញទៅតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិតនាំគ្នាឆ្លងដែនទៅប្រទេសវៀតណាមវិញ។

ក្រោយមក ក្រុមពន្លត់អគ្គិភ័យបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ កន្លះម៉ោងសមត្ថកិច្ចគ្រប់គ្រងស្ថានភាពបាន ហើយធ្វើការសន្និដ្ឋានថា អគ្គិភ័យនេះបង្កឡើងដោយទុស្សេខ្សែភ្លើងឆេះម៉ាស៊ីនបោកសំលៀកបំពាក់រួចបន្តឆាបឆេះសម្ភារៈក្នុងបន្ទប់បង្កឲ្យមានការភ្ញាក់ផ្អើល មិនបង្កឲ្យមានមនុស្សគ្រោះថ្នាក់ទេ ៕

អត្ថបទដែលជាប់ទាក់ទង