រថយន្តស៊េរីទំនើបចំនួន២គ្រឿង បុកគ្នានៅផ្លូវបំបែកជាបួន រងការខូចខាត និងបង្កឱ្យភាគីទាំងសងខាងជជែកគ្នា ដោះស្រាយមិនត្រូវ

ភ្នំពេញ៖ កាលពី យប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញរថយន្ត Luxus 570 Kuro ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា 7.1.1979 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៦ ក្នុងទិសដៅពីកើតទៅលិចដោយមានគោលបំណងឆ្លងភ្លើងស្តុប ខណៈពេលនោះក៏មានរថយន្ត១គ្រឿងទៀត ម៉ាក Mercedes ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX-0157 បើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្តោយមហាវិថីព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចភ្លើងស្តុបមិនបានបន្ថយល្បឿនក៏ជ្រុលទៅបុកក្បាលរថយន្ត Luxus ពេញទំហឹង បណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខទាំងសងខាង តែមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។

ក្រោយកើតហេតុ ភាគីទាំងសងខាងបានជជែកយកត្រូវរៀងៗខ្លួន និងដោះស្រាយគ្នាមិនត្រូវ សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទាំងសងខាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងពីរចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង