សម្តេចធិបតី នាយករដ្ឋមន្រ្តី ខ្ញុំមិនខ្វល់ពីការជេរប្រមាថនោះទេ សំខាន់ខិតខំរកមធ្យោយបាយជួយជាតិ និងប្រជាជនឲ្យទទួលបានផលល្អបន្ថែមទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា សព្វថ្ងៃនេះ សម្តេចមិនបានឈឺក្បាល និងខ្វល់ខ្វាយចំពោះអ្នកណាជេរ ឬរិះគន់ដល់សម្តេចនោះឡើយ សំខាន់ក្នុងនាមនាយករដ្ឋមន្រ្តី គឺសម្តេចខិតខំរិះរកមធ្យោបាយធ្វើយ៉ាងណាជួយជាតិមាតុភូមិ ឲ្យទទួលបានផលល្អប្រសើរបន្ថែមទៀតប៉ុណ្ណោះ។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបែបនេះ គឺបានធ្វើឡើង ក្នុងឱកាសអញ្ជើញចូលរួមពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហម កម្ពុជា ជាង៤០០០នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សា២៥ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងថា កុំខ្វល់ខ្វាយ និងការលើកឡើងរបស់អ្នកណាយក ទៅ ប្រៀបធៀប និងអ្នកណាឲ្យសោះ ដោយយើងម្នាក់ៗ ត្រូវតែខិតខំរៀងៗខ្លួនរួមគ្នាយ៉ាងណា ដើម្បី ផ្តល់ផលប្រយោជន៍សម្រាប់ជាតិ ដូច្នេះហើយយើងម្នាក់ៗ ត្រូវតែមានទស្សនវិជ្ជមាន ហើយប្រសិនបើគ្មាន ទស្សនវិជ្ជមានទេ មើលអ្វីគ្រប់យ៉ាងគឺ នឹងខ្មៅងងិតទំាងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្ថែមថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល យើងត្រូវគិតគួរដល់អ្នកដែលយើងត្រូវគិតគួរ ដើម្បីជាតិ និងប្រជាពលរដ្ឋរបស់យើងគ្រប់ៗគ្នា ជាក់ ស្តែងដូចអ្វីដែលសម្តេច បានឆ្លៀតឱកាសចុះសួរសុខទុក្ខ និងជួបបងប្អូន ប្រជាពលរដ្ឋ នៅ តាម សាធារណៈនាពេលកន្លងមកដោយគ្មានការព្រៀងទុកនោះ គឺដើម្បីចង់ដឹងព័ត៌មានពិត ជាក់ស្តែង ចេញពីពួកគាត់ និងខិតខំរិះរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាជូនពួកគាត់។

សម្តេច បានបញ្ជាក់បន្ថែមទៀតថា «មួយថ្ងៃៗខ្ញុំគិតតែរឿងហ្នឹងទេ (រកដំណោះស្រាយជួយពលរដ្ឋ) បើសិនជាមួយថ្ងៃៗ ងើបឡើងខ្ញុំអង្គុយបើកតែគេជេរខ្ញុំ មើលតែរឿងអវិជ្ជមាននោះ មិនបាច់ ធ្វើអ្វីនោះទេ»។

សម្តេច បានបញ្ជាក់បន្ថែមទៀតថា កាតព្វកិច្ច របស់យើង(រាជរដ្ឋាភិបាល) នាពេលនេះ គឺត្រូវគិត និង ត្រូវដាក់ទិសដៅយ៉ាងម៉េច ជួយប្រជាពលរដ្ឋណា ដែលជួប ទុក្ខលំបាក និង ជួយប្រជាពលរដ្ឋណា ដែលរាជរដ្ឋាភិបាលត្រូវជួយ និងដោះស្រាយមុនគេ៕

អត្ថបទដែលជាប់ទាក់ទង