រដ្ឋមន្ត្រី ហួត ហាក់ លើកទឹកចិត្តក្រុមកីឡាករកម្ពុជាបញ្ចេញសមត្ថភាពក្នុងការសម្តែងក្បាច់គុនគុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍ក្បាច់គុនសៅលីញវូស៊ូ អន្តរជាតិ នៅទីក្រុងចឹងចូវ

(ចឹងចូវ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា សូមបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការសម្តែងក្បាច់គុនល្បុក្កតោ ជូនដល់ភ្ញៀវអន្តរជាតិ និងមានអ្នកចូលរួមប្រមាណ១,២០០នាក់ ដែលជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។

ការផ្ដាំផ្ញើលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី ហួត ហាក់ ជួបសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោកម្ពុជាចំនួន១២នាក់ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ មុននឹងចេញ ទៅសម្តែងក្បាច់គុននិងការប្រកួតក្នុងព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានផ្តាំផ្ញើដល់កីឡាករកម្ពុជាទាំងអស់ថែរក្សាសុខភាព និងត្រៀមខ្លួនឱ្យបានស្រេចបាច់ក្នុងការសម្តែងក្បាច់គុននិងការប្រកួតក្នុងព្រឹត្តិការណ៍ក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ នៅទីក្រុងចឹងចូវនោះ៕

អត្ថបទដែលជាប់ទាក់ទង