សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនលោកប្រធានាធិបតីឥណ្ឌូនេស៊ី ជាមួយការជឿជាក់ថា ទំនាក់ទំនងកម្ពុជា-ឥណ្ឌូនេស៊ី បន្តពង្រឹង និងពង្រីក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងក្តីសោមនស្សរីករាយចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី ដែលនឹងត្រូវប្រកាសចូលកាន់តំណែងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។
ក្នុងសារលិខិតអបអរសាទរផ្ញើជូន លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ, សម្តេចតេជោ ហ៊ុន សែន បានសម្តែងជំនឿជាក់យ៉ាងមុតមាំថា លោកប្រធានាធិបតី នឹងបំពេញតួនាទីថ្មីនេះប្រកបដោយស័ក្ដិសិទ្ធភាព ដោយសារសមត្ថភាពដឹកនាំ, បទពិសោធ ក្នុងវិស័យសាធារណៈដ៏ទូលំទូលាយ និងការប្ដេជ្ញាចិត្តរបស់លោក ក្នុងការធ្វើឱ្យប្រទេសជាតិ និង ប្រជាជនកាន់តែប្រសើរឡើង បន្ថែមពីលើការគាំទ្រពីប្រជាជន។

សម្តេចតេជោ ក៏ជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៧។
ក្នុងសារលិខិតអបអរសាទរនេះ សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ប្រកាសទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកប្រធានាធិបតីឥណ្ឌូនេស៊ី ក៏ដូចជារដ្ឋបាលរបស់លោក និងក្រុមប្រឹក្សាតំណាងប្រចាំតំបន់ (ព្រឹទ្ធសភា) នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាង រដ្ឋាភិបាល និងសភាប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង