ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសក្នុងការប្រើប្រាស់បណ្តាញសង្គម”
ភ្នំពេញ៖ នៅវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា (ក.ស.ព.) បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសក្នុងការប្រើប្រាស់បណ្តាញសង្គម”។
វគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងយុវជនបង្គោលទទួលបន្ទុកការងារព័ត៌មាន និងបណ្តាញសង្គម នៃក្រុមការងារយុវជនគណបក្សក្រសួងសុខាភិបាល, ក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ, ផ្នែកក្រៅប្រទេស, ក្រុមការងាររៀបចំអង្គការចាត់តាំងប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់, ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ រដ្ឋសភាជាតិ, ខុទ្ទកាល័យសម្តេចមហាបវរធិបតី និងក្រុមចែកចាយ និងគាំទ្រ នៃក្រុមការងារ ក.ស.ព ចំនួនជាង ៣៧០នាក់។
ចំពោះវគ្គបណ្តុះបណ្តាលដែលរៀបចំនាថ្ងៃនេះ គឺជាការរៀបចំលើកទី៣ បន្ទាប់ពីក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជា (ក.ស.ព.) បានរៀបចំចំនួន ២លើករួចមកហើយជូនដល់យុវជនបង្គោលទទួលបន្ទុកការងារព័ត៌មាន និងបណ្តាញសង្គម នៃក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័ន រាជធានី-ខេត្ត ផ្នែកទាំង១៦ នៃយុវជនថ្នាក់កណ្តាល និងអង្គការចាត់តាំងយុវជននៅតាមបណ្តាប្រទេសនិងទ្វីប នាពេលកន្លងមក។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកម្លាំងព័ត៌មាននិងបណ្តាញទំនាក់ទំនងសង្គមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លើការងារព័ត៌មាន និងផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានកាន់តែទូលំទូលាយបន្ថែមទៀត ៕