កុមារា ស៊ាំម ប៊ុនរុងរឿង មានជំងឺដុំសរសៃឈាមរីកពីកំណើត កំពុងសំរាកទទួលការព្យាបាល ក្រោយទទួលបានការយកចិត្តទុកដាក់ពី សម្តេចធិបតី និងលោកជំទាវបណ្ឌិត
ភ្នំពេញ៖ កុមារា ស៊ាំម ប៊ុនរុងរឿង អាយុ8ឆ្នាំ រស់នៅភូមិពូលូង ឃុំរមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ ក្មួយប្រុស មានបញ្ហាជើងធំនេះតាំងពីកំណើត ដែលបណ្តាលអោយពិបាកដើរ និងមិនអាចពាក់ស្បែកជើងដូចកុមារដទៃបាន ។
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជួយព្យាបាល ដោយសហការជាមួយក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផា បញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ។
ក្រោយពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់គ្រូពេទ្យបានពិនិត្យឃើញថា ក្មួយប្រុសខាងលើគាត់មានជំងឺដុំសរសៃឈាមរីកពីកំណើត( Klippel-Trénaunay syndrome )។ បច្ចុប្បន្នកំពុងសំរាកទទួលការព្យាបាលដោយថ្នាំ និងដាក់ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យជំនាញ។
រាល់ការចំណាយក្នុងការព្យាបាល ស្នាក់នៅត្រូវបានគាំពារដោយមន្ទីរពេទ្យគន្ធបុប្ផា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕