ចាប់រថយន្តដឹកអុសបង្កប់ឈើថ្មី ១គ្រឿង បញ្ជូនឱ្យរដ្ឋបាលព្រៃឈើ
ខេត្តក្រចេះ៖ ចាប់ឃាត់រថយន្តកូរ៉េ ចំណុះ៥តោន ១គ្រឿង ដឹកអុស បង្កប់ឈើថ្មី ដែលឈ្មួញគ្រោងនាំចេញទៅប្រទេសវៀតណាម បញ្ជូនទៅឱ្យសង្កាត់រដ្ឋបាលព្រៃឈើស្នួល ដែលការបង្ក្រាបនោះ បានធ្វើឡើងនៅ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិ ១ខ្សែ ត្រង់ចំណុចត្រពាំងស្រែ ស្ថិតក្នុងឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
រថយន្តដឹកអុសបង្កប់ឈើថ្មីៗ ១គ្រឿង ដែលរងការបង្ក្រាបពីកម្លាំងកងរាជអាវុធហត្ថនោះ តែងធ្វើសកម្មភាពដឹកជញ្ជូនឈើ តាមរូបភាពបែបនេះជាយូរណាស់មកហើយ ប៉ុន្តែ មិនដែលមានសមត្ថកិច្ចណាមួយ ហ៊ានចេញមុខមកបង្ក្រាបនោះទេ ដែលបញ្ហានេះជាកត្តាមួយ បានផ្តល់លទ្ធភាពឱ្យឈ្មួញ ដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាម បានយ៉ាងរលូន ក្រោមការបន្លំភ្នែកសមត្ថកិច្ច។
តែទោះជាយ៉ាងក៏ដោយចុះ ខណៈនេះរថយន្តដឹកអុសបង្កប់ឈើថ្មី ១គ្រឿង ចំណុះ៥តោន ពាក់ស្លាកលេខស៊េរីចាស់ 2A-2788 ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្តក្រចេះ និងអាវុធហត្ថស្រុកស្នួល បានធ្វើការបង្ក្រាបនោះហើយ និងនៅក្រោយការបង្ក្រាប រថយន្តដឹកឈើនោះ ត្រូវបាននាំយកមកប្រគល់ជូន សង្កាត់រដ្ឋបាលព្រៃឈើស្នួល នៃខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ។
ចំពោះឈើនៅលើរថយន្តនោះ ភាគច្រើនជាប្រភេទឈើស្រឡៅឃ្លុំ និងមិនទាន់ដឹងពីចំនួនដុំ និងចំនួនម៉ែត្រគូបនៅឡើយទេ ព្រោះកម្លាំងជំនាញព្រៃឈើ កំពុងរើទម្លាក់ និងមិនទាន់បានធ្វើការរាប់ចំនួន និងវាស់វែងនៅឡើយ។
សមត្ថកិច្ចនឹងបើកការស្រាវជ្រាវរកមុខជនបំផ្លាញព្រៃឈើនោះ នាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ស្តីពីព្រៃឈើ ជាក់ជាពុំខានឡើយ៕