រឿងដ៏សោកសៅមួយមិនធ្លាប់មាន ខណៈបងប្អូនពលរដ្ឋពេលនាំគ្នាដង្ហែសព អមដោយសំឡេងខ្លងខែក នាំគ្នាស្រែករកយុត្តិធម៌គួរឱ្យសង្វេគ សម្រាប់សពស្ត្រីម្នាក់ ដែលរងគ្រោះដោយសាររថយន្តបុកស្លា..ប់

ខេត្តសៀមរាប ៖ នាំគ្នាស្រែកទ្រហោយំ ក៏បានសុំដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌ផងដែរ ខណៈសមត្ថកិច្ចនៅមិនទាន់ចាប់បានជនដែលបើករថយន្តបុកស្លាប់នៅឡើយនោះ ។ អាចចាត់ទុកជារឿងដ៏សោកសៅមួយមិនធ្លាប់មាន ខណៈបងប្អូនពលរដ្ឋពេលនាំគ្នាដង្ហែសព អមដោយសំឡេងខ្លងខែកផងនោះ បាននាំគ្នាស្រែករកយុត្តិធម៌គួរឱ្យសង្វេគ សម្រាប់សពស្ត្រីម្នាក់ដែលរងគ្រោះដោយសាររថយន្តបុកស្លាប់ ។

ក្រុមគ្រួសារជនរងគ្រោះ បានសម្ដែងនូវការខកចិត្ត និងព្រួយបារម្ភខ្លាំង ដោយខ្លាចជនបង្កអាចគេចខ្លួនផុតពីសំណាញ់ច្បាប់ ខណ:ផ្លាកលេខរថយន្ត ត្រូវរើសបាននៅកន្លែងកើតហេតុ តាំងពីថ្ងៃទី១៨ តុលា តែរហូតដល់ថ្ងៃទី២១ ខែតុលានេះ ជនបង្កមិនទាន់រកឃើញ គឺនៅស្ងាត់ឈឹងដូចចោរលួចសេះ ។
សពជនរងគ្រោះ ត្រូវបានបូជានៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណវត្តអធ្វា ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប បន្សល់ទុកកូនកំព្រាចំនួនពីរនាក់នៅតូចៗគួរឱ្យសោកសង្រែង ។
គូរបញ្ជាក់ផងដែរ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០១និង១៥នាទីរសៀល នៅត្រង់ចំណុចមុខផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

បើតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តបុកម៉ូតូបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់នោះ ជំនាញបានកំពុងស្រាវជ្រាវស្វែងរកម្ចាស់រថយន្តបង្ក ខណៈមកដល់ថ្ងៃនេះមានតម្រុយខ្លះហើយ តាមរយៈផ្លាកលេខរថយន្តដែលបុកម៉ូតូបណ្តាលឱ្យមនុស្សស្លាប់នោះ ។

លោកស្នងការបានបន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺរវាងរថយន្តម៉ាកព្រូស(Prius) ពណ៌ស ពាក់ផ្លាកលេខ សៀមរាប ២B-០៧៥៨ ពេលនោះ អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ ព្រោះបានរត់គេចខ្លួនចេញពីកន្លែងកេីតហេតុ ដោយរថយន្តបើកបរក្នុងទិសដៅពីជេីងទៅត្បូង បានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប ១AF-៤៤៣៥ បើកបរដោយឈ្មោះ ឡិ គឹមសួរ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិទ្រាក សង្កាត់សៀមរាប ក្រុងសៀមរាប ទិសដៅពីជើងទៅត្បូង ។ ក្រោយបុកម៉ូតូ រថយន្តបង្កនោះ ក៏បានទៅបុករថយន្តមួយគ្រឿងទៀតម៉ាក morning ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ សៀមរាប ២B-៦១៦០ ដែលចតនៅក្នុងចំណតខាងកើតផ្លូវ បែរក្បាលទៅទិសខាងកើត ដែលមានម្ចាស់ឈ្មោះ ប៊ុន ជូ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ហេតុការណ៍នេះ បណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ឈ្មោះ ឡិ គឹមសួរ (អ្នកជិះម៉ូតូ) ។ រថយន្តម៉ាក morning ខូចខាតធ្ងន់ ដោយសាររថយន្តព្រូសបុកមួយតង់ទៀត ឯម៉ូតូក៏ខូចខាតធ្ងន់ដែរ ។
ក្រោយកើតហេតុ កម្លាំងនគរបាលការិយាល័យជំនាញ បានចុះធ្វេីការវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ ចំណែកអ្នកបើករថយន្តបង្កបានគេចខ្លួនបាត់ កម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកយកមកទទួលខុសត្រូវចំពោះមុខច្បាប់ ។

ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ប្រជាពលរដ្ឋសង្ឃឹមថា កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ពិតជានាំខ្លួនជនបង្កដែលបើករថយន្តបុកស្ត្រីម្នាក់បណ្តាលឱ្យស្លាប់នោះ យកមកអនុវត្តតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង