ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រលើកទី២

នៅថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នេះ នាសាលប្រជុំនៃទីស្តីការក្រសួង ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋ លេខាធិការ និងជានាយកគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ (ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ ។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជំនាញការប្រចាំគម្រោង តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងតំណាងសកលវិទ្យាល័យភូមិន្ទកសិកម្មជាច្រើននាក់ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងសំខាន់នៃកិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីពិនិត្យ និងផ្តល់អនុសាសន៍លើ ទី១)សេចក្តីព្រាងចុងក្រោយនៃឯកសារលក្ខណៈវិនិច្ឆ័យសម្រាប់ការងារប្រឡាយ និងការងារបណ្តុំសំណង់មេ (ក្បាលហុងទឹក) ទី២)សេចក្ដីព្រាងសៀវភៅបទដ្ឋានបច្ចេកទេស និងសេចក្តីព្រាងគំនូសប្លង់បច្ចេកទេសសម្រាប់ការងារប្រឡាយ និងការងារបណ្តុំសំណង់មេ (ក្បាល ហុងទឹក) និងទី៣)ការបង្ហាញអំពីទំហំការងារ រយៈ ពេលអនុវត្ត និងវឌ្ឍនភាពការងារគម្រោងដែលសម្រេចមកទល់ពេលនេះជូនដល់សមាជិក សមាជិការបស់គណៈកម្មាធិការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានសំណូមពរដល់សមាជិក សមាជិការបស់គណៈកម្មាធិការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ សូមសហការគ្នាឱ្យបានល្អ និងផ្តល់នូវអនុសាសន៍ពាក់ព័ន្ធនឹងបញ្ហាប្រឈមនានា ក្នុងអំឡុងពេលនៃការអនុវត្តស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រនេះ។
សូមបញ្ជាក់ថា គម្រោងនេះ មានរយៈពេល ៤ឆ្នាំ ដោយបានចាប់ផ្តើមដំណើរការសកម្ម ភាពគម្រោងនៅក្នុងខែមីនា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ ២០២៦ ខាងមុខ។ គម្រោងស្តង់ដាជាតិនេះ មានសារៈសំខាន់សម្រាប់ការសិក្សាគ្រោងប្លង់ និងការរៀបចំផែនការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង