តំណាងរដ្ឋសភាកម្ពុជា និងតួកគី នឹងបន្តលើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូសភា ប្រទេសទាំងពីរ

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅក្នុងឱកាសចូមរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាតួកគី ដឹកនាំដោយ ឯកឧត្តម Osman Saglam ប្រធានក្រុមមិត្តភាពសភាតួកគី-អន្តរសភាអាស៊ាន។

ឯកឧត្តមប្រធានបានស្វាគមន៍ប្រទេសតួកគី ដែលមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា និងអាស៊ាន។
ឆ្លៀតឱកាសនោះ ឯកឧត្តម ក៏បានអញ្ជើញភាគីមិត្តចូលរួមសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព IPTP លើកទី១១ នៅខែវិច្ឆិកា ឆ្នាំ២០២៤ នៅកម្ពុជា ដែលនឹងប្រកាសនូវគំនិតផ្តួចផ្តើម «ធម្មនុញ្ញសន្តិភាព»។
ឯកឧត្តម Osman Saglam បានទទួលយកការអញ្ជើញ និងសូមអរគុណដល់សភាកម្ពុជា ដែលគាំទ្រដល់ការចូលជាសមាជិកសង្កេតការណ៍ AIPA របស់សភាតួកគី កាលពីឆ្នាំ២០២៣កន្លងទៅ។
ឯកឧត្តមបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងតួកគី និងកម្ពុជា និងតំបន់អាស៊ាន ដែលតួកគីផ្តោតសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរអំពីបទពិសោធ និងសក្ដានុពលអំពីការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ និងការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា។ តំណាងរដ្ឋសភាកម្ពុជា និងតួកគី នឹងបន្តលើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូសភាប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង