ករណីឃា..តក..ម្ម! ប្រទះឃើញ បុរសម្នាក់ ត្រូវបានគេស..ម្លាប់ពីចម្ងាយរួចយកសពមកប្លុងចោលនៅក្នុងដីចម្ការដំឡូងមួយកន្លែង
ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ថា ពលរដ្ឋម្នាក់ធ្វើដំណើរដោយម៉ូតូទៅលេងនៅតំបន់ត្រាស់ស្មី នៅពេលទៅដល់ចម្ការដំឡូងមួយកន្លែង ហើយចោលកន្ទុយភ្នែកទៅស្រាប់ឃើញសពបុរសម្នាក់ដេកស្ដូកស្ដឹង ។ រំពេចនោះ គាត់ក៏ជិះម៉ូតូត្រឡប់មកភូមិវិញ រាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចុងជាច ដើម្បីទៅពិនិត្យមើលសព កម្លាំងនគរបាលព្រហ្មទណ្ឌស្រុក និងខេត្ត បានសហការគ្នាហ៊ុមព័ទ្ធកន្លែងដែលគេប្លុងសពចោលនោះ ដោយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលទៅក្បែរឡើយ ។
បុរសម្នាក់អាយុក្រោម៥០ឆ្នាំ ដែលភ្លាមៗនោះគេពុំទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានគេសម្លាប់ពីចម្ងាយរួចយកសពមកប្លុងចោលនៅក្នុងដីចម្ការដំឡូងមួយកន្លែង ក្នុងភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ។
ក្រោយពីមានអ្នកស្រុកប្រទះឃើញក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ហើយលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត បានចាត់ឱ្យកម្លាំងការិយាល័យបច្ចេកទេសខេត្ត សហការជាមួយនគរបាលស្រុក ទៅត្រួតពិនិត្យនិងបានសន្និដ្ឋានថា នេះជាករណីឃាតកម្ម ហើយជនរងគ្រោះដែលស្លាប់ អាចជាជនជាតិវៀតណាម ។
ផ្អែកតាមការសន្និដ្ឋានបុរសដែលស្លាប់មានមាឌធំ កម្ពស់ប្រហែល១,៧០ម៉ែត្រ ស្លៀកពាក់ខោអាវមួយសម្រាប់ជាប់នឹងខ្លួន ។ នៅកន្លែងប្រទះឃើញសព ពុំឃើញមានបន្សល់ទុកវត្ថុតាងអ្វីគួរឲ្យកត់សម្គាល់នោះទេ ។ ដូច្នេះ សពនេះអាចត្រូវគេសម្លាប់ពីចម្ងាយ ទំនងជាចេញពីកាស៊ីណូណាមួយនៅច្រកត្រពាំងផ្លុង ជាប់ព្រំដែនប្រទេសវៀតណាម យកមកបោះចោលនៅចម្ការដំឡូងនេះ ។
ចំណែកលោកស្នងការ ចិន នី បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ថា បុរសម្នាក់ដែលគេសម្លាប់ហើយយកសពមកប្លុងចោលនៅក្នុងដីចម្ការដំឡូង នៅស្រុកតំបែរនោះ គឺនគរបាលនាយកដ្ឋានជំនាញ បានធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់ និងឈានដល់ការបញ្ជាក់បានថា សពនោះគឺជាជនជាតិវៀតណាម ៕