អ្នកដំណើរជនជាតិចិនក្មេងចាស់ប្រុសស្រីរាប់រយនាក់ ជួបប្រទះភាពភិតភ័យចលាចល ព្រោះតែយន្តហោះដែលពួកគេជិះ ស្រាប់តែពោរពេញទៅដោយផ្សែងហ៊ុយពេញកាប៊ីនអ្នកដំណើរ
ចិន ៖ ប្រភពពីសារព័ត៌មាន vietnamnet បានចុះផ្សាយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងស៊ីជាំង (Shijiazhuang) ខេត្ត ខេត្តហឺប៉ី (Hebei) ប្រទេសចិន កាលពីរសៀលថ្ងៃទី១៨ ខែតុលា កន្លងទៅ ។
ប្រភពវីដេអូជាច្រើនឃ្លីប ដែលត្រូវបានចែកចាយតាមបណ្តាញសង្គមបង្ហាញឱ្យឃើញថា អ្នកដំណើរជនជាតិចិនក្មេងចាស់ប្រុសស្រីរាប់រយនាក់ជួបប្រទះនឹងបទពិសោធន៍ដ៏អាក្រក់ប្រកបដោយភាពភិតភ័យចលាចល ព្រោះតែយន្តហោះដែលពួកគេជិះស្រាប់តែពោរពេញទៅដោយផ្សែងហ៊ុយពេញកាប៊ីនអ្នកដំណើរ ហើយនៅពេលដែលយន្តហោះបានចុះចតដល់ដីភ្លាម ពួកគេនាំគ្នាសម្រូតខ្លួនចុះយ៉ាងប្រសាចតាមជណ្តើរពោងនៃច្រកសង្គ្រោះបន្ទាន់ រត់គេចចេញដោយមិនងាកមើលក្រោយរៀងៗខ្លួន និយាយអោយចំសក់អាណា ក្បាលអាហ្នឹងហើយពេលនេះ ។
ប្រភពដដែលបន្តថា តែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរប្រភេទ Airbus A320-271N ជើងហោះហើរលេខ ZH9138 របស់ក្រុមហ៊ុនអាកាសចរណ៍ Shenzhen Airlines បានហោះឡើងចាកចេញពីព្រលានយន្តហោះទីក្រុងស៊ីជាំង ស្រាប់តែអ្នកបើកយន្តហោះបានរាយការណ៍មកកាន់មន្ត្រីគ្រងគ្រងជើងហោះហើយពីឧបទ្ទវហេតុហ៊ុយផ្សែង និងក្លិនឈ្ងៀម ដោយបានស្នើសុំហោះបកត្រឡប់ក្រោយ ដើម្បីចុះចតជាបន្ទាន់ក្នុងគ្រាអាសន្ន ។
ទីបំផុត យន្តហោះបានចុះចតដោយសុវត្ថិភាពម៉ោង២:២៤ រសៀលម៉ោងក្នុងស្រុក ភ្លាមៗច្រកសង្គ្រោះបន្ទាន់ទាំងពីរត្រូវបានបើក ដើម្បីជម្លៀសមនុស្សចេញពីយន្តហោះ ។ សាក្សីដែលជាអ្នកដំណើរផ្ទាល់បាននាំគ្នាយកទូរស័ព្ទដៃផ្តិតយកទិដ្ឋភាពផ្សែងទាំងនោះ និងបាននិយាយប្រាប់អ្នកកាសែតថា នៅកន្លែងកើតហេតុមានភាពវឹកវរខ្លាំងណាស់ ។
អ្នកដំណើរទាំងអស់ សុទ្ធតែចង់ចេញពីយន្តហោះឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ដូច្នេះហើយពួកគេនាំប្រជៀតចេញនៅច្រកសង្គ្រោះបន្ទាន់យ៉ាងណែនតាន់តាប់ ។ ប្រភពព័ត៌មាន ដែលដកស្រង់ចេញពីសេចក្តីថ្លែងការក្រុមហ៊ុនអាកាសចរណ៍ Shenzhen Airlines បានឱ្យដឹងថា ផ្សែងឈ្ងៀមដែលហ៊ុយក្នុងការប៊ីនយន្តហោះបានកើតមានឡើងដោយសារតែបញ្ហាបច្ចេកទេស ប៉ុន្តែមិនបានបញ្ជាក់លម្អិតនៅឡើយទេ ។
យ៉ាងណាក៏ដោយ ក្រោយពីជម្លៀសមនុស្សបានជោគជ័យ ក្រុមហ៊ុនអាកាសចរណ៍បានរៀបចំជើងហោះហើរជំនួសនៅពេលក្រោយ ដោយសម្រេចផ្លាស់ប្តូរសំបុត្រយន្តហោះថ្មីសម្រាប់អ្នកដំណើរទាំងអស់ ។
បន្ថែមលើនេះ ក្រុមហ៊ុនអាកាសចរណ៍ Shenzhen Airlines អះអាងថា គ្មានអ្នករងរបួសត្រូវបានរាយការណ៍ ប៉ុន្តែពួកគេគ្រាន់តែភិតភ័យតែប៉ុណ្ណោះ ហើយជាសំណាងល្អ ក្រោយចុះចតយន្តហោះមិនបានកើតមានអគ្គិភ័យ ឬផ្ទុះឆេះនោះទេ ៕