សាឡង់បូមខ្សាច់សង្ស័យគ្មានច្បាប់ សមត្ថកិច្ចបង្ក្រាបនៅស្រុកបរិបូណ៌

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ នៅក្នុងតំបន់ស្ទឹងបរិបូណ៌ ភូមិដំបូងក្រហម ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងមន្ទីរ៉ែ និងថាមពលខេត្ត ដើម្បីចុះបង្ក្រាបសកម្មភាពបូមខ្សាច់សង្ស័យមិនមានច្បាប់អនុញ្ញាត។

លោក អេង ខេង ប្រធានការិយាល័យធនធានរ៉ែ និងជាប្រធានក្រុមការងារបានចុះត្រួតពិនិត្យទីតាំង ២ កន្លែង៖
ទីតាំងទី១: ជាកម្មសិទ្ធិលោក ម៉ុន ប៉េង រស់នៅភូមិថ្នល់អន្លង់ក្រចុះ ឃុំបន្លាយមាស ស្រុកកំពង់លែង។
ទីតាំងទី២: ជាសាឡង់ចំណុះ ១៥ម៉ែត្រគីប របស់លោក ឈាម សុខ រស់នៅភូមិថ្នល់តាសែង ឃុំក្រាំងដីមាស ក្រុងកំពង់ឆ្នាំង។
លោក ពៅ ស៊ីម ប្រធានមន្ទីរ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង បានអះអាងថា ក្រោយទទួលព័ត៌មានពីប្រព័ន្ធសារព័ត៌មានអំពីសកម្មភាពបូមខ្សាច់នៅតំបន់ចុងស្ទឹងបរិបូណ៌ មន្ទីរបានចាត់ឲ្យប្រធានការិយាល័យ និងអនុប្រធានការិយាល័យធនធានរ៉ែ ចុះទៅពិនិត្យទីតាំងជាក់ស្តែង។ ជាលទ្ធផល រកឃើញសាឡង់ចំនួន ២គ្រឿង និងទូកម៉ាស៊ីនចំនួន ៦ ទូក មានមនុស្សសរុបចំនួន ១៦នាក់ ជាប់ពាក់ព័ន្ធ។
មនុស្សដែលជាប់ពាក់ព័ន្ធបានអះអាងថា ខ្សាច់ដែលពួកគាត់បានយកមកប្រើប្រាស់សម្រាប់បណ្ដុះកូនម្ទេស ដោយមិនមានគោលបំណងពាណិជ្ជកម្ម។ ក្រុមការងារទទួលស្គាល់ថា ជាលើកដំបូង នឹងអនុវត្តវិធានការអប់រំ និងណែនាំ ឱ្យដោះលែង។
សេចក្តីប្រកាសមានចំណុចចម្បង ៣៖
១. ជាលើកដំបូង ក្រុមការងារបញ្ឈប់សកម្មភាព និងអប់រំណែនាំ ដោយមិនចាត់វិធានការតឹងរ៉ឹង។
២. សកម្មភាពបូមខ្សាច់ដែលប្រើប្រាស់ផ្ទាល់ក្នុងគ្រួសារ អាចត្រូវបានលើកលែងពីការពិន័យ។
៣. ប្រសិនបើបូមខ្សាច់ដោយគោលបំណងពាណិជ្ជកម្ម ឬលក់ចែកចាយ ត្រូវបានច្បាប់អនុញ្ញាតដោយច្បាប់៕

អត្ថបទដែលជាប់ទាក់ទង