បាក់រណ្ដៅរ៉ែត្បូង បណ្តាលឲ្យសង្កត់កម្មករម្នាក់ របួសធ្ង..ន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ
ខេត្តរតនគិរី÷ កម្មករជីករ៉ែត្បូងម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសាបាក់រណ្ដៅដី ដែលពួកគេបានជីករុករករ៉ែត្បូងខុសច្បាប់ ជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ។
កម្មករ រងរបួសធ្ងន់ធ្ងរនោះ មានឈ្មោះ កុសល ត្វាន់ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិ ចារ៉ាយ មានទីលំនៅភូមិកាចក់ ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។
ទាក់ទិនបញ្ហានេះ លោក អ៊ុង ហួរ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តរតនគិរី សារព័ត៌មានមិនអាចសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី២៤តុលា ឆ្នំា២០២៤នេះ ។
ប្រភពពីស្រុកបរកែវ បានឲ្យដឹងថា ថ្មីៗនេះមានកុងសែពីរនាក់ឈ្មោះ ដាំ និងឈ្មោះ ចយ បានទៅបំផុសឲ្យប្រជាពលរដ្ឋ ជនជាតិដើមភាគតិច ចារ៉ាយដែលមានជីវភាពខ្វះខាត ឲ្យចូលទៅជីករុករករ៉ែត្បូង ដែលមិនស្របច្បាប់ នៅចំណុចអូរយ៉ាវក្នុងភូមិសាស្ត្រស្រុកបរកែវ ដើម្បីលក់ឲ្យពួកខ្លួន។
ពេលធ្វើសកម្មភាព ជីកដីចុះបានជម្រៅ ប្រហែលជាង ៥ម៉ែត្រ ដីក៏សើមផងនោះ បណ្ដាលឲ្យបាក់ស្រុតចុះ សង្កត់កម្មករម្នាក់ មានឈ្មោះខាងលើ ស្ទើស្លាប់ ស្ទើរស់នៅក្នុងរណ្ដៅនោះ តែសំណាងល្អ បានកម្មករផ្សេងទៀតរួមគ្នា កាយអាចម៌ដីមួយសន្ទុះទើបរំដោះបានជនរងគ្រោះមកវិញ រួចប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបរកែវ ដែលនៅជិតទីនោះ ឲ្យជួយព្យាបាលសង្គ្រោះទាន់ពេល។ បុរសរងគ្រោះបានប្រាប់ថា នៅឈឺមួយចំហៀងខ្លួននិងឈឺក្នុងទ្រូង មិនទាន់ជាទាំងស្រុងនៅឡើយទេ។
គួរកត់សម្គាល់ដែរថា ប៉ុន្មានខែកន្លងមកនេះ ក្រុមកុងសែ ដែលទិញត្បូងមួយចំនួន នៅខេត្តរតនគិរី តែងតែ បំផុស ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ឲ្យលួចជីករុករករ៉ែត្បូងខុសច្បាប់ នៅក្នុងស្រុកបរកែវដើម្បីលក់ឲ្យពួកគេ យកទៅច្នៃលក់ធ្វើអាជីវកម្ម ស្របពេលនោះក៏មានកម្មករមួយចំនួន បានស្លាប់បាត់បង់ជីវិត ដោយសារបាក់ស្រុតរណ្ដៅរ៉ែត្បូងនោះជារើយៗ ជាក់ស្ដែងករណីដូចខាងលើនេះជាដើម ៕