ផ្ទុះគ្រាប់បែកនៅប្រទេសថៃភាគត្បូង បណ្ដាលឱ្យរងរបួសមនុស្ស២នាក់
ទីក្រុងបាងកក៖ មានហេតុការណ៍ផ្ទុះគ្រាប់បែកនៅប្រទេសថៃភាគត្បូង បណ្ដាលឱ្យរងរបួសមនុស្ស២នាក់។ សាក្សីនិយាយថាហេតុការណ៍នោះកើតឡើងនៅខេត្តប៉ាតានីនៅពេលរថយន្តភីកអាប់មួយគ្រឿងផ្ទុះយ៉ាងកងរំពងនៅពេលរំលងអធ្រាត្រឆ្លងចូលព្រឹកថ្ងៃព្រហស្បតិ៍។ ជនរងគ្រោះនៅក្នុងហេតុការណ៍នេះគឺមនុស្ស២នាក់ដែលស្ម័គ្រចិត្តធ្វើជាកងប្រជាការពារ។
នៅម៉ោង១២:៣០យប់ថ្ងៃពុធ នៅតាមដងវិថី១ខ្សែក្បែរអធិការដ្ឋាននគរបាលស្រុកផាណារ៉េ (Panare) និងសាលាស្រុកនេះ បណ្ដាលឱ្យខូចខាតទីតាំងទាំង២រួមជាមួយអគារ និងរថយន្តក្បែរៗនោះ។ គ្រាប់បែកដែលផ្ទុះនោះត្រូវគេលួចបង្កៃទុកចោលដើម្បីកំណត់ម៉ោងឱ្យផ្ទុះនៅក្នុងរថយន្តម៉ាក់មីតស៊ូប៊ីស៊ី ត្រាយតុន (Mitsubishi Triton) ដែលជាកម្មសិទ្ធិរបស់សាលាស្រុក។
កាលពីម៉ោង១១យប់ថ្ងៃពុធ ជនមិនស្គាល់មុខដប់នាក់បានវាយសម្រុកចូលការិយាល័យខាងលើនេះ និងចាប់ចងស្លាបសេកបុគ្គលិកនៅទីនោះ៤នាក់។ បន្ទាប់មក ពួកគេលួចឡានភីកអាប់១គ្រឿងដើម្បីធ្វើសកម្មភាព។ នៅក្នុងព្រឹត្តិការណ៍១ទៀត មានករណីផ្ទុះគ្រាប់បែក១ទៀតនៅស្រុករ៉ាងកា (Rangae) ខេត្តណារ៉ាធីវ៉ាត់កាលពីល្ងាចថ្ងៃពុធបណ្ដាលឱ្យរបួសទាហានបីនាក់។
គ្រាប់បែកត្រូវគេយកទៅបង្កប់នៅក្នុងលូក្រោមដីដើម្បីចុចបំផ្ទុះនៅពេលទាហាន១ក្រុមដើរឆ្លងកាត់ទីនោះ។ ហេតុការណ៍ផ្ទុះគ្រាប់បែកទាំង២លើកនេះកើតឡើងមុនថ្ងៃខួបម្ភៃឆ្នាំនៃព្រឹត្តិការណ៍បះបោរនៅថៃភាគខាងត្បូង (ខេត្តណារ៉ាវ៉ាត់) កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៤ដែលនាំឱ្យស្លាប់ជនស៊ីវិល៨៥នាក់។ រហូតមកដល់ពេលនេះ ថៃពុំដែលចាប់បានជនដៃដល់យកមកផ្ដន្ទាទោសម្ដងណាទេ។ អាជ្ញាយុកាលនៃទោសកំហុសនឹងផុតរលត់ត្រឹមពាក់កណ្ដាលអធ្រាត្រថ្ងៃសុក្រស្អែកនេះហើយ៕