ស្នងការដ្ឋាននគរបាលខេត្តកំពត ចេញសេចក្តីប្រកាសព័ត៌មានថា ការចុះផ្សាយរបស់សារព័ត៌មានThe Cambodia Daily Khmer មិនពិតឡើយ
ខេត្តកំពត ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មាន ពិសេសបណ្តាញ ទំនាក់ទំនងសង្គមមេត្តាជ្រាបថា ៖
-កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ៨:០០នាទី កម្លាំងអធិការដ្ឋាននគរបាល ក្រុងកំពត នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានទទួលព័ត៌មានថា មានប្រជាពលរដ្ឋនិងព្រះសង្ឃ ប្រមាណ ១០ នាក់ បានប្រមូលផ្តុំគ្នាមកផ្សាយបន្តផ្ទាល់ (Live Video) អំពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅចំណុចរូបសំណាកព្រះអង្គឌួង ឋិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។
-លុះនៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៨:៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត បាន អញ្ជើញប្រជាពលរដ្ឋចំនួន ១០ នាក់ ស្រី ០៣ នាក់ ក្នុងនោះព្រះសង្ឃ ០១ អង្គ ពាក់ព័ន្ធករណីបានមក ផ្សាយបន្តផ្ទាល់ (Live Video) អំពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅចំណុចរូបសំណាក ព្រះអង្គឌួង ឋិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយមិនបានស្នើសុំ ឬ ក៏ជូនដំណឹងឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានដឹងជាមុន ។ ក្រោយពីបានសួរនាំរួច សមត្ថកិច្ចបានធ្វើ កិច្ចសន្យាអប់រំ និងឲ្យត្រលប់ទៅលំនៅឋានវិញរៀងៗខ្លួន មិនដូចការចុះផ្សាយរបស់សារព័ត៌មានThe Cambodia Daily Khmer ឡើយ ។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសបណ្តាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាព័ត៌មាន ៕