នាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់ចំនួន០៧នាក់ មកដល់ប៉ុស្តិ៍នគរបាល មើលមុខដាក់គ្នា
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលស្រុកថ្មគោល បានចុះទៅនាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់ចំនួន០៧នាក់ អប់រំណែនាំក្នុងមូលដ្ឋាន បន្ទាប់ពីពួកគាត់ប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង។
ជាក់ស្ដែងកម្លាំងនគរបាលស្រុកថ្មគោល រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥និង០០នាទី បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (បៀរស៊ីគូរទឹក និងបៀរតង) ០១លើក នៅចំណុចក្រុមទី៤ ភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៧នាក់ ស្រី ០៥នាក់ ។
វត្ថុតាងដកហូតរួមមាន៖
-កន្ទេល០២ ,កំរាល០២, បៀរ៥២ សន្លឹក០១ហ៊ូ និងបៀរតង ០១ហ៊ូ ។
ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមកអ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៧នាក់ខាងលើ ត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕