ប្រជាការពារម្នាក់បានរងរបួស ត្រូវក្បាលផ្នែកខាងឆ្វេងមួយកាំបិតប៉័ងតោ ដោយសារយុវជនម្នាក់ ស្រវឹងស្រា ជាអ្នកកាប់ឲ្យរងរបួស

ខេត្តត្បូងឃ្មុំ ៖ សមត្ថកិច្ចប្រាប់ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៥ តុលា ថា នៅវេលាម៉ោង៨ និង៤៦នាទីយប់ថ្ងៃទី២៤ តុលា ឆ្នាំ២០២៤ នៅចំណុចភូមិទួលពោធិ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក មានរថយន្តសាំយ៉ុងមួយគ្រឿងដឹកទំនិញបានក្រឡាប់ផ្អៀងជើងម្ខាង ។ កម្លាំងប៉ុស្តិ៍រដ្ឋបាលកណ្ដោលជ្រុំ និងនគរបាលចរាចរណ៍ ស្រុកពញាក្រែក ចុះមកសម្រួលចរាចរណ៍ដើម្បីកុំឲ្យកកស្ទះតាមដងផ្លូវ គ្រានោះយុវជនឈ្មោះជីវ៉ាស្រវឹងស្រាបានឈរនៅពីក្រោយរថយន្តដឹកទំនិញ។ ដោយឃើញយុវជននេះឈរក្រោយរថយន្តខ្លាចគ្រោះថ្នាក់កើតឡើងពេលរថយន្តធំៗបើកបរឆ្លងកាត់ទៅវិញទៅមកតាមដងផ្លូវគ្រានោះអ្នករងគ្រោះ ដែលជាប្រជាការពារប្រាប់ឲ្យចេញពីក្រោយរថយន្តខ្លាចរថយន្តផ្សេងបើកមកគ្រោះថ្នាក់ដៃបាក់ជើង ស្រាប់តែមានការឈ្លោះប្រកែកប្រតាយបន្ទាប់គ្នាហើយសមត្ថកិច្ចជួយបំបែកចេញ មិនឱ្យមានបញ្ហាកើតឡើង។

យុវជនដែលស្រវឹងស្រានោះបានដើរត្រឡប់ទៅផ្ទះយកកាំបិតប៉័ងតោ មកកាន់កន្លែងកើតហេតុរថយន្តដឹកទំនិញក្រឡាប់បះជើងម្ខាងហ្នឹងបានកាប់ត្រូវក្បាលប្រជាការពារឈ្មោះសុវ៉ាត ត្រូវផ្នែកខាងឆ្វេងបណ្ដាលឲ្យរយះហូរឈាមស្រោចខ្លួនប្រាណ ភ្លាមៗនោះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនបង្កនិងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែកទាំងយប់តែម្ដង។

ជនរងគ្រោះ ឈ្មោះ ជយ័ សុវ៉ាត ភេទប្រុស អាយុ៦៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះមុី ជីវ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ដែលបានធ្វើសកម្មភាពយកកាំបិតប័ងតោកាប់ក្បាលជនរងគ្រោះ ចំនួន០១កាំបិត ។
អ្នករងគ្រោះ ត្រូវបានបញ្ជូនមកព្យាបាលនៅគ្លីនិកឯកជនមួយកន្លែងនិងបានត្រឡប់ទៅកាន់លំនៅឋានវិញ។ ជនបង្កត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង