ស្ត្រីម្នាក់ បានសារភាពថា នាងបំពុលបុរសជាគូស្នេហ៍ ជាមួយនឹងថ្នាំពុល បន្ទាប់ពីនាងបានធ្វើតេស្តសារធាតុពុលនេះ លើសត្វឆ្មា១ក្បាល
វៀតណាម ៖ ស្ត្រីម្នាក់រស់នៅក្នុងខេត្តឡាំដុង តំបន់ខ្ពង់រាប នៃភាគកណ្តាលប្រទេសវៀតណាម បានសារភាពថា នាងបានបំពុលបុរសជាគូស្នេហ៍ ជាមួយនឹងថ្នាំពុល (Cyanide) បន្ទាប់ពីនាងបានធ្វើតេស្តសារធាតុពុលនេះ លើសត្វឆ្មា១ក្បាល រួចមក នេះបើតាមសារព័ត៌មានវៀតណាមជាច្រើន បានចុះផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ។
ស្ត្រីជាជនសង្ស័យមានឈ្មោះ Nguyen Thu Trang អាយុ៣៩ឆ្នាំ បានសារភាពថា បានសម្លា.ប់គូស្នេហ៍របស់នាង អាយុ៣៨ឆ្នាំ រស់នៅទីក្រុងហូជីមិញ ក្រោយពេលរូបនាង និងគូស្នេហ៍មានជម្លោះកើតឡើង ។ បន្ទាប់ពីសម្លា.ប់គូស្នេហ៍រួចមក នាង Trang បានបង្វែររឿងឃា.តកម្មនេះ ទៅជាឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ដោយបើកដឹកសាកស.ពទៅកាន់ខេត្តឡាំដុង ហើយរុញរថយន្តទម្លាកចុះពីលើច្រាំងថ្ម កាលពីថ្ងៃទី២១ ខែតុលា ។
មន្ត្រីប៉ូលិសខេត្តឡាំដុង បានឲ្យដឹងថា នាងTrang មានកំហឹងយ៉ាងខ្លាំង បន្ទាប់ពីដឹងថា គូស្នេហ៍របស់នាងមានទំនាក់ទំនងស្នេហាថ្មី ជាមួយនារីម្នាក់ទៀត ។ នាងTrang បានទិញថ្នាំពុល (Cyanide) ហើយធ្វើតេស្តសារធាតុពុលនេះ លើសត្វឆ្មាមួយក្បាលជាមុនសិន វាងា.ប់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ។
ប៉ូលិសខេត្តឡាំដុង បានឲ្យដឹងបន្តថា បន្ទាប់មកនាងTrang បានប្រើថ្នាំពុលលើគូស្នេហ៍របស់នាង ខណៈដែលគូស្នេហ៍របស់នាង បានធ្វើដំណើរតាមរថយន្តពីខេត្តដុងថាប ទៅកាន់ទីក្រុងហូជីមិញ កាលពីថ្ងៃទី២០ ខែតុលា ។ ក្នុងអំឡុងពេលឈប់ទិញភេសជ្ជៈតាមផ្លូវ នាងTrang លួចដាក់ថ្នាំពុលក្នុងភេសជ្ជៈ អោយគូស្នេហ៍ ផឹក ។ ក្រោយពីផឹកអស់ហើយ ជនរងគ្រោះបានត្អូញត្អែរពីអាការៈមិនស្រួលក្នុងខ្លួន ហើយបានសុំឲ្យនាងTrang ជួយបើកបរជំនួស ។ ក្រោយមក គាត់បានស្លា.ប់នៅក្នុងរថយន្ត ។
ប៉ូលិសខេត្តឡាំដុង បានបន្តទៀតថា បន្ទាប់មក នាង Trang បានដឹកសាកស.ពជនរងគ្រោះ ទៅកាន់ផ្ទះល្វែងមួយ ក្នុងសង្កាត់៧ ក្នុងទីក្រុងហូជីមិញ ។ នៅថ្ងៃបន្ទាប់ នាងបានដឹកសាកស.ពជនរងគ្រោះទៅខេត្តឡាំដុង ជាស្រុកកំណើតរបស់នាង ដើម្បីស្វែងរកមធ្យោបាយបំបាត់ភ័ស្តុតាងចោល ។ នៅពេលដែលនាងទៅដល់តំបន់មួយ ឃើញថា អំណោយផល នាងក៏បានរុករកទីតាំង មុនពេលរុញទម្លា.ក់រថយន្តពីលើចំណោតច្រាំងថ្ម នៅក្នុងឃុំ Dai Lao ដោយបង្វែររឿងជាគ្រោះថ្នាក់ចរាចរណ៍វិញ ។
ប៉ូលិសខេត្តឡាំដុង បានបន្ថែមទៀតថា នៅថ្ងៃនោះ មន្ត្រីប៉ូលិសខេត្ត បានទទួលរបាយការណ៍ នៃគ្រោះថ្នាក់ចរាចរណ៍មួយ ហើយបានបញ្ជូនមន្ត្រីជាច្រើននាក់ ទៅកាន់កន្លែងកើតហេតុ ។ ពេលនោះ នាង Trang បានអះអាងថា រូបនាង និងបុរសរងគ្រោះ កំពុងធ្វើដំណើរទៅកាន់ទីក្រុងដាឡាត់ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែជួយគ្រោះថ្នាក់កើតឡើង ។ នាងបាននិយាយបន្តថា នាងបានបើកទ្វាររថយន្ត លោតគេចខ្លួនទាន់ មុនពេលរថយន្តធ្លាក់ចុះចំណោតច្រាំងថ្ម ។
ទោះបីជាស្ត្រីសង្ស័យ បង្វែរដានយ៉ាងណា ក៏មិនអាចលាក់បាំងពីប៉ូលិសបានឡើង ដោយអ្នកស៊ើបអង្កេតបានរកឃើញភ័ស្តុតាងបញ្ជាក់ថា ជនរងគ្រោះស្លា.ប់មុនពេលធ្លាក់រថយន្តទៅទៀត ។ ក្រោយពីធ្វើកោសល្យវិច័យ និងធ្វើការសួរចម្លើយប៉ុន្មានថ្ងៃ នាង Trang បានសារភាពថា ពិតជាបានសម្លា.ប់គូស្នេហ៍មែន ៕