សន្តិសុខយាមអគារ ហាមមន្ត្រីជំនាញអគ្គិភ័យ មិនអោយចូលពិនិត្យផ្នែកខាងក្នុងអគារ បន្ទាប់ពីកើតមានករណីអគ្គិភ័យនៅទីនោះ បង្កជាទំនាស់ពាក្យសម្តី

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ សន្តិសុខយាមអគារមួយកន្លែង បានហាមមន្ត្រីជំនាញអគ្គិភ័យមិនអោយចូលពិនិត្យផ្នែកខាងក្នុងអគារ បន្ទាប់ពីកើតមានករណីអគ្គិភ័យនៅទីនោះ បង្កជាទំនាស់ពាក្យសម្តី ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា គេបានឃើញមានអណ្តាតភ្លើងឆាបឆេះចេញពីជាន់ផ្ទាល់ដីនៅក្នុងអគារមួយកន្លែងដែលមិនទាន់មានស្លាកយីហោនៅឡើយនោះទេ ភ្លាមៗនោះគេនាំគ្នាទាក់ទងទៅកាន់សមត្ថកិច្ចភ្លាមៗដើម្បីសុំរថយន្តពន្លត់អគ្គិភ័យ ។ បន្ទាប់មកសន្តិសុខដែលដេកយាមនៅខាងមុខអគារកើតហេតុខាងលើ បាននាំគ្នាយកបំពង់ឧស្ម័នពន្លត់អគ្គិភ័យធ្វើការបាញ់ពន្លត់បឋម មុនរថយន្តពន្លត់អគ្គិភ័យមកដល់។

ក្រោយទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅកាន់ទីតាំងកើតហេតុភ្លាមៗ ដើម្បីធ្វើការអន្តរាគមន៍។ លុះមកដល់ទីតាំងកើតហេតុ ភ្លើងក៏បានរលត់វិញ មុនមន្ត្រីជំនាញបាញ់ពន្លត់ ព្រោះសន្តិសុខបានប្រើបំពង់ឧស្ម័នបាញ់រលត់អស់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ មន្ត្រីជំនាញបង្ការពន្លត់អគ្គិភ័យចង់ចូលទៅត្រួតពិនិត្យ ដើម្បីអោយប្រាកដថារលត់ទាំងស្រុង ដើម្បីធ្វើការរាយការណ៍ទៅកាន់នាយការិយាល័យវិញ តែត្រូវបានរារាំងដោយសន្តិសុខដែលយាមកាមនៅទីនោះ ទើបមន្ត្រីជំនាញបង្ខំចិត្តប្រើធម៌ក្តៅសម្រុកចូលទៅក្នុងដើម្បីត្រួតពិនិត្យអោយច្បាស់ក៏មានការទាស់ពាក្យសម្តីរវាងសន្តិសុខ និងមន្ត្រីជំនាញអគ្គិភ័យផ្អើលពេញទីតាំងកើតហេតុតែម្តង ។
សមត្ថកិច្ចបានធ្វើការសាកសួររកមូលហេតុ ទើបដឹងថាជាងជួសជុលផ្នែកខាងក្នុងបានប្រើប្រាស់សាំងក្រអូបលាយជាមួយកាវ ដើម្បីធ្វើការបិទប៉ុង តែមិនទាន់បានបិទផង ក៏ស្រាប់តែមានការឆាបឆេះតែម្តង ។

ប្រធានសន្តិសុខ ក៏បានធ្វើការសុំទោសជំនួសសន្តិសុខដែលបានហាមឃាត់មន្ត្រីជំនាញ ដោយលើកយកមូលហេតុថា កូនចៅមិនសូវមានការយល់ដឹង ដែលបានទៅហាមឃាត់ ព្រោះវាជាទង្វើខុសច្បាប់ ក្នុងការហាមឃាត់មន្ត្រីមិនអោយអនុវត្តតាមតួនាទី ទើបមានការសម្របសម្រួលគ្នាហើយក៏បញ្ចប់ទៅវិញដោយសន្តិវិធីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង