អគ្គិភ័យឆាបឆេះឃ្លាំងមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ស្ថិតចំណុចផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ
(ភ្នំពេញ)៖ អគ្គិភ័យឆាបឆេះឃ្លាំងមួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតចំណុចផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់១០ឡាន ស្មើរនឹង៤០ម៉ែត្រគូប, រថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់០២ឡាន ស្មេីរនឹង០៨ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៤ម៉ែត្រគូប។
ដោយឡែកចំពោះប្រភេទសំណង់នេះ គឺដែកប្រក់ស័ង្កសី ទំហំ (៤ម៉ែត្រ x ១៥ម៉ែត្រ) ឆេះខូចខាចទូរក្លាសេម្ហូបចំនួន ០១គ្រឿង, កង់ចំនួន ០៣គ្រឿង, ម៉ូតូចំនួន០១គ្រឿង, ម៉ាស៉ីនត្រជាក់ចំនួន០១គ្រឿង និងសម្ភារៈប្រេីប្រាស់មួយចំនួន ហើយពុំបានរាលដាលដល់អ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ១០៖៤០នាទីព្រឹកនាថ្ងៃដដែរ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ រកឃេីញថា បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះឡើយ៕