ពលរដ្ឋស្នើឱ្យជួសជុល ផ្លូវក្រាលកៅស៊ូ២ខ្សែ ក្នុងក្រុងក្រចេះ កំពុងរងការខូចខាត
ខេត្តក្រចេះ៖ ផ្លូវក្រាលកៅស៊ូ ២ខ្សែ ដោយខ្សែទី១ភ្ជាប់ ចេញពីវិទ្យាល័យខូវប៊ុនស៊ុន ស្ថិតក្នុងសង្កាត់ អូរឫស្សី២ ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៧A ផ្លូវអាស៊ាន ក្នុងភូមិបន្ទាយ ឃុំគោលាប់ និងផ្លូវខ្សែទី២ ភ្ជាប់ចេញពីសង្កាត់ក្រគរ មកជួបផ្លូវខ្សែទី១ ក្នុងភូមិគោលាប់ ពលរដ្ឋបានស្នើសុំអាជ្ញាធរ ជួយជួសជុលដើម្បីងាយស្រួល ក្នុងការធ្វើដំណើរ។
លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ឲ្យដឹងថា ផ្លូវនៅនៅចំណុចខាងលើនេះ ខាងមន្ទីរមិនទាន់មានថវិកាសម្រាប់ថែទាំក្នុងឆ្នាំ ២០២៤នោះទេ ហើយផ្លូវនេះខាងមន្ទីរក៏បានដាក់សំណើសុំ កញ្ចប់ថវិកាសម្រាប់ថែទាំក្នុងឆ្នាំ ២០២៥ រួចហើយ តែនៅមិនទាន់ដឹងថា បានជួសជុលឬមិនបាននោះទេ។ ប៉ុន្តែក្នុងឆ្នាំ ២០២៥ ខាងមុខ សង្ឃឹមថានឹងទទួលបានប្រាក់ សម្រាប់ថែទាំលើផ្លូវដែលកំពុងខូចខាតនេះ។
សូមបញ្ជាក់ថា ផ្លូវក្រាលកៅស៊ូ ២ខ្សែនេះ ដោយខ្សែទី១ប្រវែង ៨,៣០គីឡូម៉ែត្រ ភ្ជាប់ចេញពី វិទ្យាល័យខូវប៊ុនស៊ុន ស្ថិតក្នុងសង្កាត់ អូរឫស្សី២ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៧ A ផ្លូវអាស៊ាន ក្នុងភូមិបន្ទាយ ឃុំគោលាប់ ចំនុចថ្មកាំង និងផ្លូវខ្សែទី២ ប្រវែង៥គីឡូម៉ែត្រ ភ្ជាប់ចេញពីសង្កាត់ក្រគរ មកជួបផ្លូវខ្សែទី១ ក្នុងភូមិគោលាប់ ដែលបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពី ខែឧសភា ក្នុងឆ្នាំ២០២២ ៕