រថយន្តដឹកឥដ្ឋ ១គ្រឿង បើកគេចចេញពីម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែ ក៏រេចង្កូតបុកឡើងសួនពុះចែកទ្រូងផ្លូវ រួចបុកបង្គោលភ្លើង ១ដើម

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចក្លិបវាយកូនហ្គោលរ៉ូយ៉ាល់ភ្នំពេញ ស្ថិតនៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តដឹកឥដ្ឋ ១គ្រឿង បានបើកបរក្នុងល្បឿនលឿន ស្របទិសគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក លក់បន្លែ ១គ្រឿង ដែលកំពុងបើកបរនៅខាងមុខ លុះពេលទៅដល់ត្រង់ចំណុចការដ្ឋានជួសជុលផ្លូវមួយកន្លែង ម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែ បានគេចចេញពីការដ្ឋាននោះ ជាហេតុធ្វើឲ្យរថយន្តដឹកឥដ្ឋវាក់ ហើយខំគេចចេញពីម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែ ក៏រេចង្កូតបុកឡើងសួនពុះចែកទ្រូងផ្លូវ រួចបុកបង្គោលភ្លើង ១ដើម បាក់ដួលទៅចំណែកផ្លូវម្ខាងទៀត បោកត្រូវរថយន្តកាមរីបាឡែន ១គ្រឿងទៀត រងការខូចខាតស្រាល ។

ប្រភពព័ត៌មានបានបញ្ជាក់ថា រថយន្តបង្កនេះ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ យ 1483 ភព1 ជារថយន្តដឹកឥដ្ឋ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ហើយនៅមុនពេលកើតហេតុ បានបើកបរធ្វើដំណើរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក លក់បន្លែ ១គ្រឿង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ មានការដ្ឋានជួសជុលផ្លូវមួយកន្លែង ហើយម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែ បានបើកគេចការដ្ឋាននោះ ជាហេតុធ្វើឲ្យរថយន្តដឹកឥដ្ឋខាងលើ ដែលកំពុងបើកលឿនស្រាប់ផង វាក់មិនអាចជាន់ហ្វ្រាំងឈប់ទាន់ឡើយ ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា រថយន្តនេះបានខំបើកគេចចេញពីម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែនោះ ទើបបណ្ដាលឲ្យរេចង្កូតបុកឡើងទៅលើសួនពុះចែកទ្រូងផ្លវទាំងកំរោល រួចបុកបង្គោលភ្លើងបំភ្លឺផ្លូវ១ដើម ។ បណ្ដាលឲ្យបង្គោលភ្លើងនោះបាក់ដួលទៅចំណែកផ្លូវម្ខាងទៀត បោកត្រូវរថយន្តម៉ាក កាមរីបាឡែន ១គ្រឿង ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាពីត្បូងទៅជើង ប៉ុន្តែរថយន្តកាមរីបាឡែននោះរងការខូចខាតកាងមុខស្រាលប៉ុណ្ណោះ ។
ប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ពុំមានមនុស្សណាម្នាក់រងរងរបួស នៅក្នុងហេតុការណ៍នោះទេ ហើយក្រោយពេលកើតហេតុ ភាគីម្ចាស់រថយន្តកាមរីបាឡែន ព្រមទទួលយកសំណងពីម្ចាស់រថយន្តដឹកឥដ្ឋ ចំនួន៥ម៉ឺនរៀល រួចបានបើកបន្តដំណើរទៅបាត់ស្រមោល ។
នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើការវាសវែង រួចនាំយករថយន្តដឹកឥដ្ឋទៅរក្សាទុករង់ចាំដោះស្រាយជាមួយការខូចខាតសួនពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ នៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង