កម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ ក្នុងការផ្គត់ផ្គង់ឆាក, ភ្លើងពណ៌, អិលស៊ីឌីស្គ្រីន និងប្រព័ន្ធសម្លេង ដើម្បីរៀបចំកម្មវិធីប្រដាល់គុនខ្មែរ🇰🇭🥊
ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមានឯកឧត្តម ខូវ ឆាយ ជាប្រធាន និងលោក ពីជិត សិរីរិទ្ធ អគ្គនាយកក្រុមហ៊ុន អវី.ខ្លឹប មេឌា បានរៀបចំចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ឆាក, ភ្លើងពណ៌, អិលស៊ីឌីស្គ្រីន និងប្រព័ន្ធសម្លេង រៀបចំកម្មវិធីប្រដាល់គុនខ្មែរ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលប្រារព្ធធ្វើនៅសាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីក្រុមការងារ និងមន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីជាច្រើនរូប ។
លោក ពីជិត សិរីរិទ្ធ អគ្គនាយកក្រុមហ៊ុន អវី.ខ្លឹប មេឌា បានមានប្រសាសន៍ថា ដើម្បីចូលរួមលើកស្ទួយ ក៏ដូចជាចូលរួមចំនែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដល់វិស័យកីឡាប្រដាល់គុនខ្មែរ ប្ដេជ្ញាខិតខំចូលរួមសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការរៀបចំឆាកប្រកួតឱ្យកាន់តែល្អ តាមរយៈកម្មវិធីប្រកួតនានា ក្នុងន័យបណ្ដុះបណ្ដាលធនធានកីឡាករគុនខ្មែរនាពេលបច្ចុប្បន្ន និងអនាគត ដើម្បីបង្ហាញឱ្យពិភពលោកបានស្គាល់ពីតម្លៃនៃគុនខ្មែរដ៏អស្ចារ្យលើឆាកអន្តរជាតិ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា ក្រុមហ៊ុន អវី.ខ្លឹប មេឌា ជាក្រុមហ៊ុនផ្ដល់សេវារៀបចំឆាក , ភ្លើងពណ៌, អិលស៊ីឌីស្គ្រីន និងប្រព័ន្ធសម្លេង សម្រាប់កម្មវិធីនានា ជាពិសេស កម្មវិធីការប្រកួតប្រដាល់គុនខ្មែរ ក៏ដូចជាកម្មវិធីប្រគុំតន្ត្រីជាដើម ហើយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចាប់ដៃគូជាមួយក្រុមហ៊ុន អវី ឃ្លីប មេឌៀ ក្នុងគោលដៅរៀបចំកម្មវិធីប្រដាល់នានាតាមបណ្ដាស្ថានីយ៍ទូរទស្សន៍ ក៏ដូចជា នៅតាមបណ្ដាខេត្តផងដែរ ។
ឯកឧត្តមប្រធានសហព័ន្ធ ក៏បានបង្ហាញពីផែនការនៃការរៀបចំការប្រកួតថ្នាលច្រើននាថ្ងៃអនាគត ដើម្បីបណ្ដុះបណ្ដាលថ្នាលកីឡាគុនខ្មែរឱ្យសម្បូរ ដើម្បីផ្គត់ផ្គង់ទៅនឹងកម្មវិធីដែលកំពុងតែមានច្រើន ក៏ដូចជាការចេញទៅផ្សព្វផ្សាយនៅក្រៅប្រទេស ដោយបច្ចុប្បន្ន មានប្រទេសជាច្រើនបានទាក់ទង ។ ដូច្នេះ សហព័ន្ធត្រូវធ្វើយ៉ាងណា បណ្ដុះបណ្ដាលថ្នាលឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ និងបង្កើតកម្មវិធីការប្រកួតឱ្យបានកាន់តែច្រើន ។
ឯកឧត្តម ខូវ ឆាយ បានបន្តថា ជារួម ផែនការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺនឹងធ្វើកម្មវិធីច្រើន ដែលសហព័ន្ធមានកម្មវិធីកីឡាជាតិ និងការប្រកួតជើងឯកថ្នាក់ជាតិ ដោយឆ្នាំនេះ នឹងយកតែថ្នាលអាយុក្រោម ១៨ឆ្នាំ ដើម្បីផ្ដល់ឱកាសឱ្យថ្នាល បានចូលរួមការប្រកួត និងមានកម្មវិធីប្រកួតថ្នាលនៅតាមខេត្តច្រើនណាស់នាពេលបច្ចុប្បន្ន ។ ដូច្នេះហើយបានជាសហព័ន្ធ ចាប់ដៃគូជាមួយនឹងក្រុមហ៊ុនផ្ដល់សេវាកម្មក្នុងការរៀបចំឆាកប្រដាល់ ធ្វើយ៉ាងណា ឱ្យការរៀបចំកម្មវិធីប្រកួត ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ។
ឯកឧត្តមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើងថា បច្ចុប្បន្ន វិស័យកីឡាគុនខ្មែរ កំពុងតែទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ក៏ដូចជានៅក្រៅប្រទេស ហើយការគាំទ្រនោះទៀតសោត ក៏មានមតិរិះគន់មួយចំនួនដែរក្នុងន័យស្ថាបនា ប៉ុន្តែ ក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលជាអ្នកគ្រប់គ្រងទៅលើកម្មវិធីទាំងអស់នៃការប្រកួតគុនខ្មែរ គឺបើកទទួលយកនូវមតិរិះគន់ដើម្បីស្ថាបនា ដោយសហព័ន្ធ តែងតែព្យាយាមកែតម្រូវ ក៏ដូចជាធ្វើការកែទម្រង់ផ្ទៃក្នុងច្រើន ខណៈដែលការអនុវត្តជាធម្មតាទេ គឺតែងតែខុសក្លាស់ហើយ ប៉ុន្តែសហព័ន្ធ ក៏មានឆន្ទៈក្នុងការធ្វើឱ្យបានល្អ ធ្វើឱ្យប្រសើរឡើងរហូត។ ដូច្នេះហើយ ចំពោះមតិរិះគន់ចំពោះអាជ្ញាកណ្ដាល ចៅក្រម សហព័ន្ធ ក៏បានព្យាយាមកែតម្រូវ ដោយមានការបើកវគ្គបណ្ដុះបណ្ដាលបន្ថែមដល់ចៅក្រម និងបានអនុវត្តនូវបទបញ្ជាផ្ទៃក្នុង តាមរយៈការដាក់វិន័យមួយចំនួន ព្រោះថា ចៅក្រមខ្លះ ក៏នៅមានបញ្ហាខ្វះចន្លោះដែរ ។ ដោយការអនុវត្តទៅ មានបញ្ហាបច្ចេកទេស ឬក៏មានបញ្ហាមិនប្រក្រដីណាមួយ ប៉ុន្តែសហព័ន្ធមិនព្រងើយកន្តើយនោះទេ គឺតែងតែដោះស្រាយរហូតហើយសង្ឃឹមថា សហព័ន្ធ នឹងអភិវឌ្ឍន៍ទៅមុខរហូត ដើម្បីធ្វើយ៉ាងណា ឱ្យទទួលបានការសាទរ ពីកីឡាករដែលចូលរួមប្រកួត ក៏ដូចជាបងប្អូនអ្នកគាំទ្រផងដែរ ៕