ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានីយឧតុនិយមក្នុងខេត្តកំពង់ស្ពឺ និងទីតាំងដំឡើងស្ថានីយរ៉ាដានៅតំបន់ភ្នំប្រសិទ្ធិ៍ ខេត្តកណ្តាល
ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឺក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យជាក់ស្តែងស្ថានភាពភូមិសាស្ត្រនៅតំបន់ក្បាលស្ទឹងព្រែកត្នោត ស្ថិតក្នុងស្រុកសំរោងទង និងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ស្ថានីយឧតុនិយមក្នុងមូលដ្ឋានមន្ទីរធនធានទឺក និងឧតុនិយមខេត្តកំពង់ស្ពឺ និងទីតាំងដំឡើងរ៉ាដាថ្មីក្នុងភូមិសាស្ត្រភ្នំប្រសិទ្ធិ៍ ស្រុកពញាឮ ខេត្តកណ្តាល។
សូមជម្រាបថា ការចុះពិនិត្យការងារនាឱកាសនេះមានការចូលរួមពីសំណាក់អ្នកជំនាញមកពីស្ថាប័នឧតុនិយមអន្តរជាតិប្រទេសបារាំង(MFI) ក្រុមទីប្រឹក្សាជាតិនិងអន្តរជាតិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំក្រសួង មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺនិងខេត្តកណ្តាល ព្រមទាំងលោកអភិបាលនៃគណៈអភិបាលស្រុកពញាឮ ខេត្តកណ្តាល។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការចុះត្រួតពិនិត្យជាក់ស្តែងរបស់ក្រុមការងារគឺក្នុងគោលបំណងធ្វើការវាយតម្លៃរៀបចំយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងកែលម្អ ដើម្បីឈានទៅពង្រឹងនិងពង្រីកការងារជលសាស្រ្ត និងឧតុនិយម ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តល់ព័ត៌មាននិងព្យាករណ៍របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក (NWRMDC)៕