ឃា..ត់ខ្លួនជនស..ង្ស័យម្នាក់ ករណីឆបោកយកម៉ូតូ ១គ្រឿង ក្នុងរូបភាពណាត់ជួបគ្នាទិញលក់ម៉ូតូ រួចក៏សុំជិះម៉ូតូសាក ហើយជិះគេចខ្លួន

ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីឆបោកយកម៉ូតូ ១គ្រឿង ម៉ាក ហុងដាឌ្រីមសេ១២៥ ក្នុងរូបភាពណាត់ជួបគ្នាទិញលក់ម៉ូតូ រួចក៏សុំជិះម៉ូតូសាក ហើយជិះគេចខ្លួនតែម្តង ប៉ុន្តែត្រូវជនរងគ្រោះស្រែកឆោឡោ និងសុំម៉ូតូអ្នកធ្វើដំណើរ ដេញតាមពីក្រោយទាន់ រួចចាប់ខ្លួន ប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ តែម្តង ។

ជនរងគ្រោះមានឈ្មោះ ឃុន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ៤៩បេតេ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំណែកឯជនសង្ស័យឈ្មោះ ហេង វិចិត្រ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលំភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ត្រី ភិន ផល នាយនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ បានឱ្យដឹងថា នៅ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ មានជនសង្ស័យឈ្មោះ ហេង វិចិត្រ បានទូរសព្ទចូលមកលេខជនរងគ្រោះឈ្មោះ ផន ប៉េងឃុន ដើម្បីណាត់ជួបទិញ ម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីមសេ១២៥ នៅចំណុចក្បែរហាងនំបុ័ងភ្នំពេញ ផ្លូវ២៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ត្រី ភិន ផល បន្តថា បន្ទាប់ពីជនសង្ស័យ និងជនរងគ្រោះបានជួបគ្នាហើយ ជនសង្ស័យសុំមើលម៉ូតូ និងសុំជិះសាក ភ្លាមនោះ ស្រាប់តែជនសង្ស័យជិះម៉ូតូរបស់ជនរងគ្រោះ គេចខ្លួន ចុះមកតាមផ្លូវ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់២ ឃើញដូច្នោះ ជនរងគ្រោះក៏បានស្រែកឆោឡោ សុំម៉ូតូប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ ដើម្បីជិះដេញតាមពីក្រោយរហូតទាន់ជនសង្ស័យ នៅផ្លូវ៨៧BT ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ក៏បានចាប់ឃាត់ខ្លួនតែម្តង ដោយចម្ងាយពីកន្លែងកើតហេតុ និងកន្លែងឃាត់ខ្លួន មានចម្ងាយប្រហែល៨០០ម៉ែត្រពីគ្នា ។ បន្ទាប់មក ក៏បាននាំខ្លួនជនសង្ស័យមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ ទី២ តែម្តង ។
វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន ៖ ទូរសព្ទដៃចាស់ម៉ាក Oppo ១គ្រឿង (ជារបស់ជនសង្ស័យ) និងម៉ូតូ ១គ្រឿង ម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខកំពង់ចាម 1T-5776 (របស់ជនរងគ្រោះ) ។
ជនសង្ស័យបានសារភាពថា ខ្លួនមានបំណងយកម៉ូតូជនរងគ្រោះជិះគេចខ្លួនពិតប្រាកដមែន ។
ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសុំណំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង