រថយន្តកុងតឺន័របុកម៉ូតូ១គ្រឿង ដែលឈប់រង់ចាំភ្លើងស្តុបបណ្តាលឱ្យស្លា//ប់២នាក់
ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងសង្ស័យដាច់ហ្វ្រ័ងជ្រុលទៅបុកម៉ូតូ១គ្រឿងដែលកំពុងឈប់រង់ចាំភ្លើងស្តុបអូសជាច្រើនម៉ែត្របណ្ដាលឱ្យស្លាប់ទាំង២នាក់ប្រុសមួយស្រីមួយទាំងព្រឹក ។
ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវចូលផ្សារព្រែកព្នៅ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ជាប្តីប្រពន្ធនឹងគ្នា មានប្ដីឈ្មោះ ខន មុនី អាយុ ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧អឺ០ ផ្លូវលេខ១៤៤ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាពូង ខេត្តបាត់ដំបង និងនារីជាប្រពន្ធមានឈ្មោះ សិន មុីអុីហុង អាយុ២៤ឆ្នាំ មានស្រុកកំណើនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកHonda Dream ឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BX -7170 ដឹកប្រពន្ធបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុច្រកចូលផ្សារព្រែកព្នៅបានឈប់រង់ចាំភ្លើងស្តុប ក៏មានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ព្រៃវែង 3A-2736 ដែលបើកស្របទិសគ្នាជាមួយម៉ូតូមកពីក្រោយបុកពេញទំហឹងអូសជាច្រើនម៉ែត្រធ្វើឱ្យម៉ូតូផ្នែកខាងក្រោយខូចខាតទាំងស្រុងមើលស្លាកលេខលែងយល់បណ្ដាលឱ្យស្លាប់ក្រោមរថយន្តទាំង២នាក់ ហើយភ្លាមៗនោះប្រជាពលរដ្ឋបានឃាត់អ្នកបើកបររថយន្តប្រគល់ជូនសមត្ថកិច្ច ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយ នៅពេលក្រោយ ។ រីឯសពជនរងគ្រោះបានប្រគល់ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕