ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា…
ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយស នៅថ្ងៃព្រហស្បតិ៍ទី៣១ ខែតុលា ឆ្នាំ២០២៤នេះ សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ មានការបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម នូវឃ្លីបវីដេអូមួយដែលបង្ហាញនូវឥរិយាបថរបស់អ្នកបើកបររថយន្តមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2CA-1797 ទៅលើអ្នកជិះម៉ូតូមួយគ្រឿងដែលគ្នា០២នាក់មានស្លាកលេខ បាត់ដំបង 1AM-2318 នៅតាមដងផ្លូវមួយកន្លែងក្នុងក្រុងបាត់ដំបង ដែលឃ្លីបវីដេអូនេះធ្វើឱ្យមានការចាប់អារម្មណ៍ពីមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម និងស្នើសុំឱ្យសមត្ថកិច្ចមានចំណាត់ការចំពោះបញ្ហានេះ។
តាមរយៈឃ្លីបវីដេអូនេះ លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាន រួមជាមួយការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងធ្វើការស្រាវជ្រាវស្វែងរកភាគីទាំងសងខាងដើម្បីសាកសួររកមូលហេតុពិតប្រាដកដូចក្នុងរូបភាពលេចឡើងក្នុងបណ្តាញសង្គម ។
រហូតមកដល់ព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤នេះ សមត្ថកិច្ចកំណត់បាននូវអត្តសញ្ញាណនៃម្ចាស់រថយន្តភ្នំពេញ 2CA-1797 និងអ្នកជិះម៉ូតូផ្លាកលេខ បាត់ដំបង1AM-2318នោះ ហើយនិងស្នើឱ្យភាគីទាំងសងខាងចូលមកបំភ្លឺនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីបានដឹងអំពីមូលហេតុពិតប្រាកដ ។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន សូមអរគុណ៕