ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ជួសជុលទំនប់ និងគម្រោងជីកព្រែក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ
នៅថ្ងៃពុធ-ព្រហស្បតិ៍ ១៣-១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពគម្រោងក្នុងខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារដូចជា៖
ទី១)គម្រោងសាងសង់ទំនប់អាងទឹកពាម ក្នុងខេត្តកំពង់ធំ ដែលរួមមានការសាងសង់ទំនប់អាងទឹកពាមចំនួន១ខ្សែ ប្រវែង ២ ០០០ម៉ែត្រ សាងសង់សំណង់បង្ហៀរចំនួន ១កន្លែង និងសំណង់ទ្វារទឹកចំនួន ១កន្លែង ជាលទ្ធផលការងារសម្រេចបាន ១០០%។
ទី២)គម្រោងជីកព្រែកបង្វែរចរន្តទិសទឹក ក្នុងខេត្តសៀមរាប ដែលរួមមានការជីកព្រែកបង្វែរចរន្តទិសទឹកប្រវែង ៤៥០ម៉ែត្រ សាងសង់ទំនប់បង្វែរចរន្តទិសទឹកស្ទឹងស្រែងប្រវែង ១២០ម៉ែត្រ ជើងទេរទំនប់នេះផ្នែកខាងលើ(upstream)ជាជើងទេរបេតុងប្រវែង ៨០ម៉ែត្រ ជាលទ្ធផលការងារសម្រេចបាន១០០%។
ទី៣) គម្រោងជួសជុលទំនប់អាងទឹកស្រែល្អ ក្នុងខេត្តឧត្តរមានជ័យ ដែលរួមមាន ការជួសជុលទំនប់ដីចំនួន១ខ្សែប្រវែង ៣ ២០០ម៉ែត្រ សាងសង់សំណង់សិល្បការ្យថ្មីចំនួន ៦កន្លែង ជាលទ្ធផលការងារសម្រេចបានប្រមាណ៧០%។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម និងសហគមន៍កសិករប្រើប្រាស់ទឹក ត្រូវយកចិត្តទុកដាក់លើការងារគ្រប់គ្រង និងប្រើប្រាស់សមិទ្ធផលថ្មីនេះឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមធ្វើការគ្រប់គ្រងសមិទ្ធផលទាំងនេះឱ្យមានសុវត្ថិភាព និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជាពិសេសជំរុញសហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង។
សូមជម្រាបថា៖
ទី១)គម្រោងសាងសង់ទំនប់អាងទឹកពាម គឺដើម្បីស្ទាក់ទឹកស្ទឹងស្ទោង ដែលហូរចូលនៅរដូវវស្សាមកស្តុកទុកក្នុងទំនប់អាងទឹកដែលបានជួសជុលរួច សម្រាប់ធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវរដូវវស្សាចំនួន ៦២៦ហិកតា ស្រូវរដូវប្រាំងលើកទី១ចំនួន ១ ៩៤៩ហិកតា ស្រូវរដូវប្រាំងលើកទី២ចំនួន ១ ៩៤៩ហិកតា និងដំណាំរួមផ្សំផ្សេងៗចំនួន១៥ហិកតា ជូនប្រជាពលរដ្ឋប្រមាណ ២ ៤២៦គ្រួសារ ក្នុងភូមិចំនួន១១ នៃឃុំម្សាក្រង ដែលនៅផ្នែកខាងក្រោមទំនប់តាមរយៈសំណង់បង្ហៀរ និងសំណង់ទ្វារបញ្ចេញទឹក។
ទី២)គម្រោងជីកព្រែកបង្វែរចរន្តទិសទឹក គឺដើម្បីតម្រង់ដងស្ទឹងស្រែងកុំឱ្យហូរបុកដាច់ច្រាំងស្ទឹងដែលជាភ្លឺប្រឡាយមេប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែង(ជំហាន១)។ តាមដងព្រែកបង្វែរចរន្តទិសទឹកនេះជួយដោះស្រាយទឹកសម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលដំណាំកសិកម្មស្រូវវស្សាចំនួន ១ ៣៧៥ហិកតា ស្រូវប្រាំងលើកទី១ចំនួន ១៣៥ហិកតា ស្រូវប្រាំងលើកទី២ចំនួន ១៣៥ហិកតា និងដំណាំរួមផ្សំចំនួន ២០ហិកតា ជូនប្រជាពលរដ្ឋចំនួន ១៤៩០គ្រួសារ ក្នុងភូមិចំនួន៦ នៃឃុំស្លែងស្ពាន ស្រុកស្រីស្នំ ធានាដល់ការប្រើប្រាស់ប្រចាំថ្ងៃ និងជាទំនប់រក្សា និងការពារធនធានធម្មជាតិក្នុងមូលដ្ឋាន។
ទី៣) គម្រោងជួសជុលទំនប់អាងទឹកស្រែល្អ គឺដើម្បីបង្កើនបរិមាណស្តុកទឹក ដែលហូរធ្លាក់ពីអូរមេម៉ាយ មួយផ្នែកទៀតមកពីផ្នែកខាងលើនៃស្ទឹងសែន និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មកស្តុកទុកក្នុងអាងទឹកស្រែល្អ សម្រាប់ធានាដល់ការប្រើប្រាស់ប្រចាំថ្ងៃ ការងារស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ១ ៩៩៧ហិកតា ស្រូវរដូវប្រាំងចំនួន ៥៩០ហិកតា និងដំណាំរួមផ្សំផ្សេងៗទៀតចំនួន ៦៩ហិកតា ជូនប្រជាពលរដ្ឋប្រមាណចំនួន ៦៥៨គ្រួសារ ក្នុងភូមិចំនួន៨ នៃឃុំបាក់អន្លូង និងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕