អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញសេចក្តីបដិសេធន៍ថា ពុំមានគោលការណ៍ហាមឃាត់ការធ្វើដំណើរចូលកម្ពុជា ឬមិនផ្តល់ទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ចំពោះជនបរទេស នៃប្រទេសណាមួយឡើយ

ភ្នំពេញ ៖ តាមរយៈបំភ្លឺរបស់ អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ មានសាធារណមតិមួយចំនួន បានលើកឡើងថា សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានធ្វើការបដិសេធមិនឱ្យចូលព្រះរាជាណាចក្រកម្ពុជា និងមិនផ្តល់ទិដ្ឋាការបន្ត រយៈពេលស្នាក់នៅបណ្តោះអាសន្ន ចំពោះជនបរទេសសញ្ជាតិឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដេស និងឥណ្ឌូនេស៊ី ។

ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបញ្ជាក់ជូនថា «អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពុំមានគោលការណ៍ហាមឃាត់ការធ្វើដំណើរចូលព្រះរាជាណាចក្រកកម្ពុជា ឬមិនផ្តល់ទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ចំពោះជនបរទេស នៃប្រទេសណាមួយឡើយ រួមទាំងជនបរទេសសញ្ជាតិ ខាងលើផងដែរ» ។

អ្នកនាំពាក្យ បានបន្ដថា ប៉ុន្តែផ្អែកតាមច្បាប់ ស្តីពីអន្តោប្រវេសន៍ និងអនុក្រឹត្យ ស្តីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ និង ស្នាក់អាស្រ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ អាចបដិសេធជនបរទេសណាម្នាក់ចូលព្រះរាជាណាចក្រកម្ពុជា ឬមិនផ្តល់ទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ក្នុងករណី ដែលមិនបាន បំពេញត្រឹមត្រូវ តាមលក្ខខណ្ឌដែលបានចែងក្នុងច្បាប់ និងអនុក្រឹត្យដូច បានបញ្ជាក់ជូនខាងលើ ដូចជា ប្រវត្តិ នៃការធ្វើដំណើរមិនច្បាស់លាស់ ឬគោលបំណង នៃការធ្វើដំណើរមិនច្បាស់លាស់ ឬខ្វះលទ្ធភាពចិញ្ចឹមខ្លួន ក្នុងពេលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគ្មានអ្នកធានាជួយដោះស្រាយ ឬអាជ្ញាធរសមត្ថកិច្ចមានហេតុផលគ្រប់គ្រាន់ ជឿថា នឹងប្រព្រឹត្ត ឬបានប្រព្រឹត្តសកម្មភាពធ្វើឱ្យខូចផលប្រយោជន៍ សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម និងធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិ អន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង