ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចត្រៀមប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
(ភ្នំពេញ)៖ នារសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគលបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាលជាមួយកងកម្លាំងចំណុះការិយាល័យអន្តរាគមន៍ និងតម្រួតបញ្ជា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានរៀបចំពិធីប្រគល់ម៉ូតូចំនួន៥១គ្រឿង ដែលជាអំណោយរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងអន្តរាគមន៍ពិសេស សម្រាប់បម្រើឱ្យកិច្ចប្រតិបត្តិការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ ជាពិសេសកិច្ចការពារសន្តិសុខក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នាពេលឆាប់ៗខាងមុខនេះ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕