រដ្ឋបាលខណ្ឌដូនពេញមានគម្រោងជាច្រើនត្រូវអនុវត្ត ដើម្បីតម្រូវការរបស់ពលរដ្ឋ ក្នុងឆ្នាំ២០២៥
រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥ – ២០២៧ ដើម្បីពិនិត្យការងារសម្រេចបានកន្លងមក និងទិសដៅការងារបន្ត ក្នុង មូលដ្ឋាន ។
កម្មវិធីនេះធ្វើឡើង នៅព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកាឆ្នាំ២០២៤នេះ ក្រោមវត្តមានឯកឧត្តម សុខ ពេញវុធ អភិបាល រងរាជធានីតំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ នឹងមានការចូលរួមពីក្រុមប្រឹក្សាខណ្ឌ, មន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានី តំណាងដៃគូអភិវឌ្ឍន៍ សប្បុរសជន និងវិស័យឯកជនផងដែរ។
លោក ជា ខេមា អភិបាលខណ្ឌ ដូនពេញបានលើកឡើងថាការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់សង្កាត់ទាំង១១ នៅពេលនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌ សង្កាត់ និងការស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់សង្កាត់ និងខណ្ឌ។
លោកបន្តថា សិក្ខាសាលានេះរៀបចំឡើង ស្របតាមផែនការអភិវឌ្ឍន៍ របស់សង្កាត់ និងខណ្ឌ ដែលនៅក្នុងនោះចាំបាច់ត្រូវមានការចូលរួមគាំទ្រពី មន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងវិស័យឯកជន ដើម្បីឱ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងផងដែរថា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ លោក លោកស្រី តំណាងឱ្យមន្ទីរជំនាញ តំណាងឱ្យអង្គការដៃគូរអភិវឌ្ឍនានា វិស័យឯកជន និង សប្បុរសជនទាំងអស់ ដែលបានជួយគាំទ្រដល់ ខណ្ឌដូនពេញ និងសង្កាត់ទាំង១១ ក្នុងពេលកន្លងមក ហើយក៏សូមសំណូមពរឱ្យបន្តការគាំទ្រតទៅទៀត ដើម្បីចូលរួមអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចំរើន ជាបន្តបន្ទាប់ ស្របតាម គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរ សម្រាប់គម្រោងជាអាទិភាពរបស់រដ្ឋបាលខណ្ឌឆ្នាំ២០២៥ ដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុងសិក្ខាសាលាសមាហរណកម្មនាពេលនេះមានចំនួន ១០៤គម្រោង ក្នុងនោះ ដែលមានផ្នែកសេដ្ឋកិច្ច ២១គម្រោង; ផ្នែកសង្គមកិច្ច៤៨គម្រោង ;ផ្នែកបរិស្ថាន១៥គម្រោង; ផ្នែករដ្ឋបាល និងសន្តិសុខ២០គម្រោង៕