ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញ បើកសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពី ប្រកាសសម្រាប់កិច្ចដំណើរការ និងការគ្រប់គ្រង សហគមន៍កសិករប្រើប្រាស់ទឹក និងគោលការណ៍ណែនាំកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្រ្ត

នៅថ្ងៃចន្ទ ៤កើត ខែ កត្ដិក ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពី ប្រកាសសម្រាប់កិច្ចដំណើរការ និងការគ្រប់ គ្រង សហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ.)និងគោលការណ៍ណែនាំកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្រ្ត ក្រោមកិច្ចសហការរៀបចំដោយទីប្រឹក្សាបច្ចេកទេស កម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ ប្តូរកសិកម្មនៅប្រទេសកម្ពុជាជំហាន១(WAT4CAM Phase I –TA-ISWM) ក្រោម ជំនួយ របស់សហភាពអឺរ៉ុប តាមរយៈទីភ្នាក់ ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ប្រចាំ កម្ពុជា។
ថ្លែងក្នុងអង្គពិធី ឯកឧត្តម រដ្ឋមន្ត្រី បាន បញ្ជាក់ឱ្យដឹង ថា ប្រកាសសម្រាប់កិច្ចដំណើរការ និងការគ្រប់គ្រងសហគមន៍កសិករ ប្រើប្រាស់ទឹក និងគោលការណ៍ណែនាំលើកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្រ្ត គឺជាឯកសារគតិយុត្ត ដែលមានទំនាក់ទំនង និងគាំទ្រគ្នាទៅវិញទៅមកប្រកបដោយបរិយាបន្ន ហើយប្រមូលផ្តុំជាក្របខ័ណ្ឌឯកសាររួម សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក និងការបែងចែកទឹកនៅ ក្នុងដែនប្រព័ន្ធធារាសាស្ត្រ ប្រកបដោយចីរភាព ដោយ មានការលើកកម្ពស់ការចូលរួមរបស់សហគមន៍ប្រកប ដោយ គុណាធិបតេយ្យ និងផ្តល់នូវយន្តការសម្រាប់ការដោះស្រាយជម្លោះប្រកបដោយប្រសិទ្ធភាព យុត្តិធម៌ និងស័ក្តិសិទ្ធិភាព។
សូមបញ្ជាក់ថា ឯកសារគតិយុត្តដែលត្រូវប្រកាសដាក់ឱ្យប្រើប្រាស់ នាពេលនេះរួមមាន៖ ទី១)ប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការ សហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ.) ការចុះបញ្ជី និងការគ្រប់គ្រង ស.ក.ប.ទ. ទី២) ប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយវិវាទ លើការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តក្នុងក្របខ័ណ្ឌ ស.ក.ប.ទ. ទី៣)ប្រកាស ស្តីពីការរំលាយចោលស.ក.ប.ទ. និង ទី ៤)ប្រកាសស្តីពីការដាក់ឱ្យប្រើនូវ គោល ការណ៍ណែនាំសម្រាប់ដំណើរការអនុវត្តការងាររបស់ស.ក. ប.ទប្រកបដោយនិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង