ប្ដីប្រពន្ធ ជិះម៉ូតូ ១គ្រឿង ឌុបគ្នាឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿង បើកដោយជនជាតិចិនម្នាក់ ទៅដល់បុកពេញទំហឹង បណ្ដាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ង..ន់

ភ្នំពេញ ៖ កាលពី ថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ កែងផ្លូវបេតុងចូលភូមិស្រែក្នុង ត្រង់ចំណុចមុខវត្តកំបូល ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ប្ដីប្រពន្ធ ១គូ បានជិះម៉ូតូ ១គ្រឿង ឌុបគ្នាឆ្លងផ្លូវ ហើយក៏ត្រូវរថយន្តម៉ាកឡិចស៊ិស RX-300 មួយគ្រឿង បើកបរដោយជនជាតិចិនម្នាក់ ទៅដល់បុកពេញទំហឹង បណ្ដាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ធ្ងរ។ ចំណែកបុរសជាប្ដីរងរបួសស្រាល ហើយរថយន្តនោះ បានឈប់ស្ងៀមនៅនឹងកន្លែងកើតហេតុ ដោយមិនបានបើករត់ទៅណានោះឡើយ ។

នៅមុនពេលកើតហេតុ ប្តីប្រពន្ធជនរងគ្រោះខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៍ខ្មៅ ពាក់ស្លាកលេខកណ្តាល 1R-3146 ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវជាតិលេខ៤ ចូលទៅតាមផ្លូវបេតុងខាងលើ ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ពេលឆ្លងផ្លូវបានបន្តិច ក៏ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខព្រះសីហនុ 2A-2944 បើកបរដោយបុរសជនជាតិចិនម្នាក់ តាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ទៅដល់បុកពេញទំហឹងតែម្ដង បណ្តាលឲ្យស្ត្រីជាប្រពន្ធរបួសធ្ងន់ ហើយប្ដីរបួសស្រាល និងម៉ូតូរងការខូចខាត ចំណែករថយន្ត អត់បានបើករត់ទេ គឺបានឈប់ទទួលខុសត្រូវនៅទីនោះដែរ ។ បន្ទាប់មកស្ត្រី ដែលរងរបួសធ្ងន់ ត្រូវបានប្ដីនាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយភ្លាមៗនោះនគរបាលប៉ុស្តិ៍កន្ទោក ដែលស្ថិតនៅជិតនោះ បានចេញទៅសម្រួលចារចរណ៍ និងបានរាយការណ៍ទៅកាន់នគរបាលខណ្ឌកំបូល ឲ្យចុះទៅធ្វើការវាស់វែង រួចនាំយកម៉ូតូ និងរថយន្ត ទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង