ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ
នៅរសៀលថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានធារាសាស្រ្តកសិកម្ម ចុះពិនិត្យមើលជាក់ស្តែងស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំ និងក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម បានចុះពិនិត្យមើលទីតាំងដែលបានកាយផ្តាច់ត្រង់ចំណុចខាងចុងប្រឡាយមេទី២ នៃប្រព័ន្ធធារាសាស្ត្រហនុមាន ស្ថិតក្នុងភូមិរំចេក ឃុំត្នោត ដើម្បីរំដោះជំនន់ទឹកភ្លៀងទៅកាន់បឹងទំនប់រលក ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ។
បន្ទាប់មក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាឱ្យក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានត្រៀម កាយផ្តាច់ទីតាំងចំនួន ១កន្លែងទៀត ស្ថិតនៅក្នុងភូមិត្រពាំងយោង ឃុំពារាម ទំលាក់ចូលបឹងក្រាំងក្រចាង និងបឹងស្វាយខម ដើម្បីជួយពន្លឿនការរំដោះជំនន់ទឹកភ្លៀងចេញពីឃុំត្រពាំងសាប ឃុំពារាម ឃុំចំបក់ និងឃុំត្នោត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានធ្វើការសិក្សាទីតាំងទាំង ២នេះ ដើម្បីសាងសង់សំណង់សិល្បការ្យបន្ថែម បន្ទាប់ពីជំនន់ទឹកភ្លៀងបានបញ្ចប់៕