ជនស..ង្ស័យប្រុសស្រីចំនួន១០នាក់ ពាក់ព័ន្ធក្នុងករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន

ខេត្តព្រៃវែង ៖ ជនសង្ស័យប្រុសស្រីចំនួន១០នាក់ ដែលពាក់ព័ន្ធក្នុងករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ចាប់ឃាត់ខ្លួន បានជាបន្តបន្ទាប់ និងដកហូតបានវត្ថុតាងជាថ្នាំញៀន ចំនួន ២២កញ្ចប់ ។

ប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ថ្នាំនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់ ស្ទឹងស្លូត ស្ថិតក្នុងឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។
លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីបណ្ដាញសម្ងាត់ រាយការណ៍មកថា មានការជួញដូរថ្នាំញៀន នៅក្នុងផ្ទះសំណាក់ ស្ទឹងស្លូត លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឲ្យរូបលោកដឹកនាំកម្លាំងចុះទៅធ្វើការបង្ក្រាបភ្លាមៗ ដោយចាប់ឃាត់បានជនសង្ស័យ ជាអ្នកជួញដូរថ្នាំញៀន ពីរនាក់ និងអ្នកមកទិញថ្នាំញៀនយកទៅប្រើប្រាស់ចំនួន ៣នាក់ ។
លុះមកដល់យប់ថ្ងៃដដែល ស្រាប់តែមានក្រុមអ្នកជក់ថ្នាំញៀន បានទូរសព្ទមកសុំទិញថ្នាំញៀនពីជន ដែលត្រូវចាប់ខ្លួន ទើបកម្លាំងរបស់លោកបានបញ្ឆោតឲ្យជនទាំងនោះ ចូលមកទិញ រួចក៏ក្រសោបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ បានចំនួន ៥នាក់ទៀត ។
ជនសង្ស័យទាំង ១០នាក់ កំពុងត្រូវបានឃាត់ខ្លួន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ហើយមន្ត្រីជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ត ទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង