ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៖ ទណ្ឌិត ៣៩០នាក់ ត្រូវបានបន្ធូរបន្ថយ និងលើកលែងទោស នៅក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
ភ្នំពេញ ៖ ក្នុងចំណោមទណ្ឌិត ៦៧១នាក់ មានទណ្ឌិត ៣៩០នាក់ ត្រូវបានបន្ធូរបន្ថយ និងលើកលែងទោស នៅក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ខាងមុខនេះ ។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការថ្នាក់ជាតិ និងមន្ត្រីជំនាញមួយចំនួន ។
គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃ លើបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស សរុបចំនួន ៦៧១នាក់ (ស្រី ៥៩នាក់) ក្នុងនោះ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ មានទណ្ឌិតចំនួន ៣៦៣នាក់ (ស្រី ២៨នាក់) និងសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានទណ្ឌិតចំនួន ៣០៨នាក់ (ស្រី ៣១នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន ២២, មណ្ឌលអប់រំកែប្រែចំនួន ៤ និងមណ្ឌលយុវនីតិសម្បទា ។
ជាលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ទណ្ឌិត ដែលមានលក្ខណសម្បត្តិ និងលក្ខខណ្ឌគ្រប់គ្រាន់ ដែលអាចទទួលបានការបន្ធូរបន្ថយទោស និងការលើកលែងទោសមានចំនួន ៣៩០នាក់ (ស្រី ៣៥នាក់) ក្នុងនោះរួមមាន ៖ (១)-ទណ្ឌិតចំនួន ៣០៤ នាក់ (ស្រី ២៤ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៣ខែ, (២)-ទណ្ឌិតចំនួន ៨១ នាក់ (ស្រី ១១ នាក់) អាចទទួលការបន្ថយទោសរយៈពេល ៦ខែ, (៣)-ទណ្ឌិតចំនួន ៤ នាក់ អាចទទួលការបន្ថយទោសរយៈពេល ៩ខែ និង (៤)-ទណ្ឌិតចំនួន ១ នាក់ អាចទទួលការលើកលែងទោស ។
ដោយឡែកចំពោះទណ្ឌិតចំនួន ២៨១ នាក់ (ស្រី ២៤ នាក់) ផ្សេងទៀត ដែលគណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ពុំអាចទទួលការបន្ធូរបន្ថយទោស និងការលើកលែងទោសបាន គឺសុទ្ធតែជាទណ្ឌិត ដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងសាហាវឃោរឃៅ ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន, ករណីក្មេងទំនើង, ករណីឃា.តកម្ម, ករណីជួញដូរមនុស្ស, ករណីរំលោ.ភសេ.ពស.ន្ថវៈលើអ.នី.តិជន និងករណីឪពុក ឬជីតារំលោ.ភសេ.ពស.ន្ថវៈលើកូន ឬចៅរបស់ខ្លួន ជាដើម ៕