បង្ក្រាបទីតាំងអគារមួយកន្លែង ពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់
(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះទៅទីតាំងអគារមួយកន្លែង ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ ដោយរកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់។
ប្រតិបត្ដិការនេះ ដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ក្រោមការបញ្ជាពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
មន្ដ្រីដែលចូលរួម នៅក្នុងប្រតិបត្ដិការនេះ បានបញ្ជាក់ថា ក្រុមការងាររបស់អគ្គស្នងការនគរបាលជាតិ បានទទួលព័ត៌មានពីជនរងគ្រោះ ដែលបានប្តឹងថាត្រូវចាប់បង្ខាំង នៅក្នុងអគារ។
ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម, កម្លាំងជំនាញ បានទទួលបទបញ្ជាពីឧបនាយករដ្ឋមន្ដ្រី ស សុខា និងនាយឧត្ដមសេនីយ៍ ស ថេត កម្លាំងបានចុះទៅដល់ទីតាំងឃើញសង្ស័យពាក់ព័ន្ធនឹងបទល្មើសល្បែងអនឡាញ ព្រមទាំងរកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់ ដែលមានភាគច្រើន ជាជនជាតិចិន។
ជនជាតិបរទេសទាំងនោះ ត្រូវបានឃាត់ខ្លួន ដើម្បីបន្ដនីតិវិធីរៀបចំឯកសារ បណ្ដេញចេញពីប្រទេសកម្ពុជា។ ដោយឡែក អ្នកពាក់ព័ន្ធនឹងម្ចាស់ទីតាំង សមត្ថកិច្ចកំពុងបន្ដនីតិវិធី តាមផ្លូវច្បាប់ជាបន្ដទៀត៕