រថយន្តហ៊ីណូ សណ្ដោងកន្ទុយរ៉ឺម៉ក ១គ្រឿង ខណៈកំពុងបើកបរក្នុងល្បឿនលឿន ស្រាប់តែអ្នកបើក ងងុយដេក ហើយងោក១ភាំង ក៏រេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងដាច់រលើងគល់១ដើម រួចជ្រុល…..

ភ្នំពេញ ៖ នៅ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រថយន្តហ៊ីណូ សណ្ដោងកន្ទុយរ៉ឺម៉ក ១គ្រឿង ខណៈកំពុងបើកបរក្នុងល្បឿនលឿន ស្រាប់តែអ្នកបើកបរងងុយដេក ហើយងោក១ភាំង ក៏រេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងដាច់រលើងគល់១ដើម រួចជ្រុលឆ្លងទៅគន្លងផ្លូវម្ខាងទៀត។ បន្ទាប់មកអ្នកបើកបរ បានបួងចង្កូតត្រលប់ទៅខាងស្ដាំហើយបុកឡើងសួនពុះចែកទ្រូងផ្លូវ ជាលើកទី២ ម្ដងទៀត ឡើងចូលទៅគន្លងផ្លូវខាងស្ដាំរបស់ខ្លួនវិញ ហើយក៏ជ្រុលធ្លាក់ក្បាលចូលទៅក្នុងប្រឡាយទឹកនៅខាងស្ដាំ ទៅមុខលែងរួចតែម្ដង ស្របពេលនោះក៏មានម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿង ជិះគ្នា២នាក់ និងម៉ូតូកង់បី ១គ្រឿង ជិះគ្នា៣នាក់ទៅដល់ ឃើញរថយន្តកំពុងស្ថានភាពបែបនេះ ខ្លាចរថយន្តបុកស្លាប់ ក៏បានខំនាំគ្នាគេចបណ្ដាលឲ្យម៉ូតូដួលរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ចំណែកម៉ូតូកង់បីក្រឡាប់រងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ។

រថយន្តបង្កខាងលើម៉ាក Hino ពណ៍ខៀវចាស់ កន្ទុយរ៉ឺម៉កពាក់ស្លាកលេខកំពង់ចាម 4A-1637 រីឯស្លាកលេខខាងមុខបាំងមើលអត់ឃើញទេ បើកបរដោយបុរសម្នាក់និងត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗផងដែរ ។ ដោយឡែកជនរងគ្រោះមានចំនួន៥នាក់ ក្នុងនោះរួមមាន១.ឈ្មោះវ៉ុន វាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគរ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ រងរបួសស្រាល ។ ២.ឈ្មោះនួន ធឿន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មការិនី មានទីលំនៅភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យរងរបួសធ្ងន់ ។ ជនរងគ្រោះទាំង២នាក់នេះគឺជាប្ដីប្រពន្ធ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KA-8279 ។ ៣.ឈ្មោះអ៊ូច ភា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរអ្នកបើកបរម៉ូតូកង់បី រងរបួសស្រាល ៤.ឈ្មោះ ឃឹម ភុន ភេទស្រី អាយុ៧៤ឆ្នាំ រងរបួសធ្ងន់ ៥ឈ្មោះទូ ប៉ិច ភេទស្រី អាយុ៦៧ឆ្នាំរបួសស្រាល ។ ជនរងគ្រោះទាំងនាក់នេះមានទីលំនៅភូមិចំការដូង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយពួកគាត់ធ្វើដំណើរតាមម៉ូតូកង់បី១គ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1HW-3623 ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុរថយន្តហ៊ីណូ១គ្រឿងនោះបានបើកបរធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក្នុងល្បឿនលឿន និងក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ អ្នកបើកបរងងុយដេកហើយងោក១ភាំង ក៏ស្រាប់តែរេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ ។ បន្ទាប់មកបុកបង្គោលភ្លើងដែក១ដើមបាក់ដាច់ត្រឹមគល់ប៉ើងខ្ទាតច្រើនម៉ែត្រ រួចជ្រុលទៅគន្លងផ្លូវម្ខាងទៀត ពេលនោះអ្នកបើកបរបានបួងចង្កូតមកខាងស្ដាំវិញ ហើយក៏បុកឡើងសួនច្បារពុះចែកទ្រូងផ្លូវម្ដងទៀត ឆ្លងចូលមកគន្លងខាងស្ដាំវិញ ទើបក្បាលរថយន្តនោះជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹក ចំណែកកន្ទុយរ៉ឺម៉កនៅលើផ្លូវ ។ ខណៈដែលរថយន្តខាងលើកំពុងតែបុកឡើងសួនច្បារ ម្ដងធ្លាយទៅគន្លងផ្លូវខាងឆ្វេង ម្ដងមកខាងស្ដាំបែបនេះ បានធ្វើឲ្យអ្នកម៉ូតូហុងដាឌ្រីមសេ១២៥ និងម៉ូតូកង់បីដែលកំពុងបើកបរក្នុងទិសដៅពីត្បូងទៅជើងវាក់ ហើយដោយសារតែភ័យខ្លាចរថយន្តបុកស្លាប់ ទើបម៉ូតូនិងម៉ូតូកង់បីខាងលើនាំគ្នាបើកគេចចេញទាំងស្ថានភាពភ័យស្លន់ស្លោរនិងប្រថុចញ៉ុចបំផុត ។ ជាហេតុបណ្ដាលឲ្យម៉ូតូដួលនិងម៉ូតូកង់បីក្រឡាប់រងរបួសធ្ងន់និងស្រាលចំនួន៥នាក់តែម្ដង ។ ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ពងទឹក បានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្កនោះនាំទៅសាកសួរទើបដឹងថា គាត់ងងុយដេកហើយងោក១ភាំង ក៏ជួបរឿងបែបនេះតែម្ដង ។
ក្រោយពេលកើតហេតុអ្នករបួសធ្ងន់ត្រូវបានក្រុមសង្គ្រោះអង្គភាព៧១១ បញ្ជូនទៅសង្គ្រោះបន្ទាន់ ហើយនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នពេញបាននាំយករថយន្តនោះទៅរក្សាទុកនៅការិយាល័យរង់ចាំការដោះស្រាយនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង